ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យចំនួន០៣នាក់ ដែលធ្វើសកម្មភាព ឆក់និងលួច ១២ករណី ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

50

 

ស្រុកព្រៃនប់ : អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ សង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

សូមរំលឹកផងដែរថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥.០០នាទីត្រង់ចំណុចលើដងផ្លូវវិថីឆ្នេររាម ទល់មុខប្រលានយន្តហោះ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ១កើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់ៈ ១.ឈ្មោះចាន់ ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងព្រះសីហនុ (អ្នកឆក់ផ្ទាល់)។
២.ឈ្មោះ កៅ យ៉ូវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងព្រះសីហនុ(អ្នកជិះពីក្រោយ)។ ៣.ឈ្មោះចាន់ តឹង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងព្រះសីហនុ(អ្នកបើកម៉ូតូ)។

ជនសង្ស័យខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ទិត សារ៉ែន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះមានទីលំនៅនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំង០៣នាក់បានជិះម៉ូតូរត់គេចខ្លួន ។

បន្ទាប់ពីបានទទួលពត៍មាន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានដឹកនាំបញ្ជា ឲ្យលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ ចាត់កម្លាំងជំនាញក្នុងអធិការដ្ឋាន ធ្វើការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរាម បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញានិងធ្វើការឃាត់ខ្លួនជនសង្ស័យ ខណៈពេលជនសង្ស័យទាំង០៣នាក់ បានផ្ដួលម៉ូតូរួចរត់ចូលក្នុងព្រៃ។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង០៣នាក់រួច ជនសង្ស័យបានសារភាពថា ខ្លួនទាំង០៣នាក់រួមទាំងបក្ខពួក០៣នាក់ទៀត កន្លងមកបានធ្លាប់ធ្វើសកម្មភាពអំពើឆក់និងលួចចំនួន១២ករណី ក្នុងនោះក្នុងក្រុងព្រះសីហនុចំនួន០៧ករណី(ឆក់០៤លើកនិងលួចម៉ូតូ០៣លើក) និងស្រុកព្រៃនប់ចំនួន០៤ករណី(ឆក់០៣លើកលួចម៉ូតូ០២លើក)។

វត្តុតាងដកហូតរួមមាន៖ ១.ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជាមធ្យោបាយប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យ)។ ២.ទូរសព្ទដៃ០៤គ្រឿង ម៉ាក Lenovoពណ៌ស ម៉ាកsam sung និងលិខិតបញ្ចាំមួយ ចំនួន(ជារបស់ជន សង្ស័យ) ៣.ទូរស័ព្ទម៉ាកViVo ពណ៌ទឹកមាស និងម៉ាកOpOp ពណ៌ខៀវ(ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងយើងបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង