បន្ទាប់ពីឈប់ធ្វើជានាយករដ្ឋមន្ត្រី, សម្ដេចតេជោនឹងធ្វើជាប្រធានព្រឹទ្ធសភា , សម្ដេច ហ៊ុន សែន ប្រកាសថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងនាយករដ្ឋមន្រ្តីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហាខាងមុខ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើជាប្រធានព្រឹទ្ធសភា បន្ទាប់ពីលាលែងពីតំណែងនាយករដ្ឋមន្ត្រី នៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ សម្ដេច ហ៊ុន សែន ប្រកាសថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងនាយករដ្ឋមន្រ្តីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហាខាងមុខ។
សេចក្តីថ្លែងការណ៍ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិនលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដំណើរការរៀបចំរដ្ឋាភិបាលថ្មី ២០២៣-២០២៨ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីសម្ដេចឈប់ពីតួនាទីនាយករដ្ឋមន្ត្រី សម្ដេចនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។
សម្ដេចបានថ្លែងថា សម្ដេចអាចនឹងជំនួសការងារពីសម្ដេច សាយ ឈុំ ដែលចូលនិវត្តន៍។ ទោះមានតួនាទីជាប្រធានព្រឹទ្ធសភា ក៏ដោយក៏សម្ដេចប្រកាសថា មិនលូកដៃចូលការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនោះទេ។
សម្តេចតេជោ ប្រកាសថា សម្តេចបានចូលគាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២៦ កក្កដានេះ ហើយព្រះអង្គត្រាស់បង្គាប់តែងតាំង សម្តេចតេជោ ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ហើយសម្តេចតេជោ ក៏បានថ្លែងថា សម្តេចក៏នឹងតំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ក្រោយមានការឯកភាពគ្នាដែលការឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភានឹងអាចធ្វើឡើងក្នុងខែមីនា ឆ្នាំ២០២៤ ។
សម្តេចបញ្ជាក់ថា ខ្ញុំព្រះករុណាខ្ញុំនឹងមិនជ្រែតជ្រែកលើកិច្ចការរបស់រាជរដ្ឋាភិបាលថ្មី ពោល គឺចែកអំណាចដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការផ្ដល់ឱកាសឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី នាអាណត្តិថ្មីនេះ ដោយសាររូបគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសមត្ថភាពអាចដឹកនាំប្រទេសបាន។ ម្យ៉ាងវិញទៀតសម្ដេច ក៏ចង់បញ្ចប់ពាក្យចចាមអារ៉ាមនានា ជុំវិញវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាអ្នកបន្តវេន៕