ឃាត់ខ្លួនជនសង្ស័យម្នាក់ គំរាមកំហែង យកកិត្តិនាម របស់លោកជំទាវសម្តេចក្រឡាហោម ស ខេង ទៅបង្ខំលោកមេឃុំ បិតត្រាំង ចុះហត្ថលេខាលើពាក្យស្នើសុំចុះបញ្ជីដី
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធក្នុងករណីគំរាមកំហែង យកកិត្តិនាម របស់លោកជំទាវសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ទៅបង្ខំលោកមេឃុំ បិតត្រាំង ឈ្មោះ មាច ចាន់ ឲ្យចុះហត្ថលេខា លើពាក្យស្នើសុំចុះបញ្ជីដី ត្រូវបានកម្លាំងព្រហ្មកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនតាមដីកា បញ្ជាឲ្យចូលខ្លួន លេខ: 272 អ.យ.ឋ ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ របស់ព្រះរាអាជ្ញារង សៀង សុខ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២និង១០នាទី ។
ជនសង្ស័យមានឈ្មោះ ម៉ើង លីដា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅក្រុមទី១១ ភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួននៅចំណុចក្នុងភោជនីយដ្ឋានតាឪ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមចម្លើយសារភាព ឈ្មោះ ម៉ើង លីដា បានឆ្លើយសារភាពថា ខ្លួនពិតជាបានរត់ការធ្វើពាក្យ ស្នើសុំចុះបញ្ជីក្បាលដី ចំនួន១០.០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយយកពាក្យស្នើសុំសិទ្ធិកាន់កាប់ដី ដែលមានឈ្មោះ ញ៉ែម សាខន ជាលោកជំទាវ សម្តេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី ដោយពុំទាន់មានស្នាមមេដៃ លោកជំទាវ ញ៉ែម សាខន ឲ្យលោកមេឃុំបិតត្រាំង ចុះហត្ថលេខា និងប្រថាប់ត្រា លើពាក្យស្នើសុំសិទ្ធិកាន់កាប់លើ ទំហំដីខាងលើប្រាកដមែន។
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់៕