ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់មនុស្ស៣នាក់ និង៤៤នាក់ផ្សេងទៀត កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ សមត្ថកិច្ចដាក់ការសង្ស័យថា ជាករណីពុលស្រាស

567


សមត្ថកិច្ចដាក់ការសង្ស័យថា ជាករណីពុលស្រាស ដែលបណ្តាលឲ្យជនរងគ្រោះ ដែលស្លាប់ដោយសារករណីនេះ មានចំនួន៣នាក់ ចំណែក ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារសង្ស័យពុលស្រាសទាំង៤១នាក់នោះ បានធូរស្រាល។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធ នឹង​ជំងឺឆ្លង បានថ្លែងថា
គិតត្រឹមពេលនេះអ្នកស្លាប់៣នាក់ ក្នុងនោះស្រីម្នាក់ និងចំនួនអ្នកពុលស្រាសំរាក នៅមន្ទីរពេទ្យចំនួន៤១នាក់ តែអ្នកជំងឺបានធូស្រាលច្រើនហើយ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ មន្ទីរពេទ្យខេត្តក្រចេះ។

ក្រោយមានករណីកើតឡើង នៅព្រឹកមិញ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបញ្ជូនមន្ដ្រីជំនាញមួយក្រុម ចុះទៅពិនិត្យផ្ទាល់ និងស្រាវជ្រាវ នៅកន្លែងដែលសង្ស័យថាពុលស្រា នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ​ ខេត្តក្រចេះ ដើម្បីរកមូលហេតុឲ្យពិតប្រាកដថាតើ ករណីពិតជាពុលស្រាមែន ឬក៏យ៉ាងណា និងដើម្បីមានវិធានទប់ស្កាត់។​

បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ បានច្រូតស្រូវរួច ហើយបាននាំគ្នាផឹកស្រាស កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថបដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។

សម្រាប់ករណីស្លាប់ និងពុលអ្នកភូមិដែលអាជ្ញាធរសង្ស័យថា ពុលស្រាសនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែង នៅក្នុងភូមិនោះដើម្បីសាកសួរ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់។

លោកឧត្តមសេនីយ៍ទោ​ លន់​ សុផាត​ ស្នងការនគរបាលខេត្តក្រចេះ​ ក៏បានបញ្ជាក់ផងដែរថា​ ក្រោយកើតហេតុភ្លាមៗ​ និងក្រោយទទួលបានព័ត៌មាននេះភ្លាម​ លោកបានបញ្ជាឲ្យកម្លាំងនគរបាលជួយដឹកជនរងគ្រោះ​ ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕

អត្ថបទដែលជាប់ទាក់ទង