សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផលមួយចំនួន នៅខេត្តកែប
កែប៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា ពញាចក្រីហេង សំរិន បានចូលរួមជាអធិបតីភាព ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផលមួយចំនួនខេត្តកែប នៅសួនឧទ្យានសម្ដេចតេជោ ហ៊ុន សែន ខេត្តកែប នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ ។
លោក កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប បានបញ្ជាក់ថា៖ ខេត្ដកែប កំពុងពង្រីកទំនាក់ទំនងជាមួយបណ្ដាមហាមិត្ដជិតខាងយ៉ាងល្អ ជាពិសេស ខេត្តបាន ខិតខំដឹកនាំកែប្រែមុខមាត់ថ្មីលើផ្នែកបរិស្ថានល្អ អនាម័យ មានសោភណ្ឌភាពស្រស់បំព្រង សួនច្បារស្អាត ផ្លូវថ្នល់ខ្វាត់ខ្វែង បានក្លាយជាប៉ូលទាក់ទាញភ្ញៀវទេសចរណ៍ដ៏មានសក្ដានុពល។ លើផ្នែកកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ជាប្រទេសជាប់ភូមិផងរបងជាមួយ ហើយក៏មានទំនាក់ទំនងសហការបានល្អលើគ្រប់វិស័យរហូតឈានដល់ការភ្ជាប់កិច្ចសហប្រតិបត្តិការ ដើម្បីភាពរីកចម្រើនរបស់ប្រទេសរវាងខេត្តទាំងពីរ ខេត្តកែបរបស់ប្រទេសកម្ពុជា ជាមួយខេត្តគៀន យ៉ាង របស់ប្រទេសវៀតណាមបានយ៉ាងល្អប្រសើរ។
លោកស្រីសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី ហេង សំរិននិងក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផល ស្ដូបមិត្ដភាពកម្ពុជា វៀតណាមថ្ងៃនេះ ខេត្តកែបយើងទទួលបានសមិទ្ធផលថ្មីៗថែមទៀតដែលជាការលើកមុខលើកមុខមាត់ខេត្តឱ្យកាន់តែស្រស់ស្អាត់មួយកម្រិតទៀត។ ទន្ទឹមនេះ ខ្ញុំសូមឱ្យអាជ្ញាធរគ្រប់លំដាកប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋចូលរួមការពារសមិទ្ធផលទាំងនេះឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែងជាប្រយោជន៍របស់ខេត្ត របស់បងប្អូនទាំងអស់គ្នា ចូលរួមការពារបរិស្ថានឱ្យបានល្អ ទាំងបរិស្ថានឆ្នេរ បរិស្ថានសមុទ្រ បរិស្ថានភ្នំ ដែលទាំងអស់គ្នាសុទ្ធជាអេកូទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត នាំឱ្យមានចំនួនភ្ញៀវទេសចរណ៍កើនឡើង ជីវភាពប្រជាពលរដ្ឋយើងក៏កាន់តែធូរធារ សុភមង្គល ភាពសុខដុមរមនាកាន់តែប្រសើរ។
លោកស្រី ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្តកែប ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្មអភិវឌ្ឍន៍ខេត្តកែប ឱ្យមានការរីកចម្រើន មានសន្ដិសុខសុវត្ថភាពល្អ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើងឥតឈប់ឈរ ក្រោមគ្គុទេសក៍ដឹកនាំដ៏ត្រឹមត្រូវខាងនយោបាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ប្រទេសកម្ពុជា ធ្លាប់តែជាប្រទេសដែលទទួលកងទ័ពស្មគ្រចិត្តវៀតណាម និងកងរក្សាសន្តិភាព ពីអង្គការសហប្រជាតិ ។ ប៉ុន្តែ ពេលនេះកម្ពុជាបានក្លាយជាប្រទេស ដែលបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន ដែលពាក់មួកខៀវចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសមួយចំនួនដែលចំណុចក្តៅនៅលើសកលលោក ៕ ដោយ៖ សំរិត