ទីក្រុងជីណាន ប្រគល់រថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ
ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ជាមួយនិងសម្ភារៈបរិក្ខាពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ក្នុង រាជធានីភ្នំពេញ។ ពីធីប្រគល់-ទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។
តាមលិខិតសរសើរ១ច្បាប់របស់ឯកឧត្តមឃួង ស្រេង ជូនទៅ លោក Zhao Haiyan បានឲ្យដឹងថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋនៃសាលារាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយ និងកិច្ចសហការគាំទ្រ លើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្ភារៈនិងបរិក្ខារជូនរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ជំនួយនិងអំណោយដ៏មានតម្លៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ក្នុងរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីនឹងរក្សា ជាមួយនិងចងចាំជានិច្ចចំពោះជំនួយដ៏មានអត្ថន័យ និងមានតម្លៃទាំងអស់នេះ។
ជាថ្មីម្តងទៀត លោកសូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការគាំទ្រ ដ៏សប្បុរសនេះ ។ ជាការពិត ជំនួយ និងកង្វល់របស់ម្ចាស់ជំនួយនឹងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងផ្លូវអភិវឌ្ឍន៍នៃទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន និងទៅអនាគត៕