រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំទីតាំងសម្រាប់ ជូនដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ចំពោះការតាំងលក់ផលិតផលរបស់ខ្មែរ
ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានី បានលើកឡើងថា ច្បាប់បង្កើតឡើង មិនមែនការពារមនុស្សអាក្រក់នោះទេ ច្បាប់បង្កើតឡើង ដើម្បីការពារមនុស្សល្អ ច្បាប់មិនលើកលែងដាច់ខាត ចំពោះអ្នកប្រព្រឹត្តមិនល្អ គៀបសង្កត់ អ្នករកស៊ី ហើយនៅបុណ្យអ៊ុំទូកឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងរៀបចំកន្លែងលក់ ជូនដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ចំពោះការតាំងលក់ផលិតផលរបស់ខ្មែរយើង។
ការលើកឡើងរបស់លោក កើត ឆែ បែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងសិក្ខាសាលាមួយ ស្តីអំពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក កើត ឆែ តំណាងអភិបាលរាជធានី លោក ឃួង ស្រេង និងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា ទទួលបន្ទុកផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម ព្រមទាំងមានការចូលរួមពីលោក លោកស្រី ដែលជាម្ចាស់សិប្បកម្មធុនតូច និងមធ្យម ជាច្រើនចូលរួមផងដែរ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖
រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើតច្បាប់ ហើយការបង្កើតច្បាប់នេះ មិនមែនការពារមនុស្សអាក្រក់នោះទេ ច្បាប់បង្កើតឡើងដើម្បីការពារមនុស្សល្អ ។ ច្បាប់មិនលើកលែងដាច់ខាតចំពោះអ្នកប្រព្រឹត្តអំពើមិនល្អ ។បើសិនយកច្បាប់ទៅប្រើប្រាស់ដោយធ្វើបាប
មនុស្សល្អ មានន័យថា យើងប្រាស់ចាកពីច្បាប់ហើយ។ ច្បាប់មិនលើកលែងដាច់ខាតចំពោះអ្នកប្រព្រឹត្តមិនល្អ គៀបសង្កត់អ្នករកស៊ី។ នេះជាកត្តាខាងក្រៅ តែយើងក៏ត្រូវគិតពីកត្តាខាងក្នុងដែរ ដែលទាមទារអោយ មានតម្លាភាព ជាមួយអថិតិជន ។ ពេលបុណ្យអ៊ុំទូកឆ្នាំនេះ បើលោកប្រធានក្រុមប្រឹក្សាភិបាល ធ្វើលិខិតមកររដ្ឋបាលរាជធានីភ្នំពេញ លោកនឹងរៀបចំកន្លែង សម្រាប់ការតាំងលក់ទំនិញរបស់បងប្អូន ដើម្បីលើកកំពស់ផលិតផលរបស់ខ្មែរយើង តែអ្វីដែលត្រូវសហការនោះ គឺទាមទារឲ្យមានស្តង់ដាអនាម័យខ្ពស់ និងតម្លៃក៏អាចទទួលយកបាន។
លោកបន្តថា វគ្គសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ រដ្ឋបាលរាជធានីភ្នំពេញ និងខិតខំសុំឲ្យមានកន្លែង សម្រាប់លក់ដូរផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្ហាញពីផលិតផលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលរបស់ខ្មែរ ប៉ុន្តែក៏ទាមទារឲ្យមានស្តង់ដាអនាម័យខ្ពស់ និងតម្លៃក៏អាចទទួលយកបាន។
ក្នុងឱកាសនោះដែរលោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហ គ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ដោយមើលឃើញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានច្រើនណាស់ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ការជំរុញទីផ្សារក្នុងស្រុក និងការជំរុញទីផ្សារទៅក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់គាត់។ ដូច្នេះទើបសមាគមសហគ្រាសធុនតូច និងមធ្យម សហការសម្របសម្រួលរៀបចំ ដើម្បីបង្កើតអង្គការសាលានេះឡើង។
លោក ឧកញ៉ា តែ តាំងប៉ បានបន្តថា សមាគមសហគ្រាសធុនតូច និងមធ្យម ដែលមានវត្តមាន នៅក្នុងអង្គការសាលាថ្ងៃនេះ និងយកចិត្តទុកដាក់ក្នុងការស្ដាប់ និងរៀនសូត្រនូវចំណេះដឹងថ្មីៗបន្ថែម ហើយក្រោយពីទទួលបានការបណ្ដុះបណ្ដាល ក្នុងកម្មវិធីពេញមួយថ្ងៃនេះ សហគ្រាសធុនតូច និងមធ្យមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត។
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្ដល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ស្វែងយល់ពីរបៀបលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងស្វែងយល់អំពីដំណើរការនាំចេញ ទទួលបានព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹង ប្រាក់កម្ចីធនាគារដៃគូ សេវាកម្ម ក្រុមហ៊ុនដៃគូ។
លោកឧកញ៉ា តែ តាំងប៉ បានបន្តថា គោលបំណងសំខាន់មួយទៀត គឺប្រមូលបញ្ហាប្រឈមនានាក្នុងអាជីវកម្ម ទាក់ទងនឹងការលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងដំណើរការនាំចេញផងដែរ។ សម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងរៀបចំសិក្ខាសាលានេះ នៅ ២៥រាជធានី-ខេត្ត ដោយមិនយកថវិកានោះឡើយ។ សិក្ខាសាលានេះដែរ រៀបចំឡើង គឺដើម្បីផ្តល់ចំណេះដឹងថ្មីៗក៏ដូចជាជួយជ្រោមជ្រែងបន្ថែមទៀត ទីផ្សារក្នុងស្រុក និងទីផ្សារទៅក្រៅប្រទេស៕