លោកសារិទ្ធ បញ្ញា អធិការរងក្រុងសៀមរាប ស្រវឹងស្រាទាញកាំបិតគប់ក្បាលកូនចៅ រយះ៣ថ្នេរ
សៀមរាបៈ អធិការរងនគរបាលក្រុងសៀមរាប លោក សារិទ្ធ បញ្ញា ទទួលបន្ទុកកិច្ចការទូទៅ បានស្រវឹងជោកជាំ ប្រើអំពើហិង្សាលើកូនចៅ ទាញកាំបិតគប់ក្បាលកូនចៅ រយះ៣ថ្នេរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងអធិការនគរបាលក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីមន្ត្រីនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ លីវ សុឈុនលេង ភេទប្រុស អាយុ ២៨ ឆ្នាំ។
នៅពេលកើតហេតុ គឺជាវេនរបស់ជនរងគ្រោះ យាមប្រចាំការ កំពុងអង្គុយប្រចាំការ នៅអធិការក្រុងសៀមរាប តាមវេនរបស់ខ្លួន ស្រាប់តែលោកអធិការរង សារិទ្ធ បញ្ញា បានស្រវឹងជោកជាំ មិនដឹងមកពីណាទេ បានប្រើពាក្យសម្តីមិនសមរម្យមកលើជនរងគ្រោះ។ ពេលនោះក៏បានប្រកែកគ្នា បន្តិចបន្តួច លោកអធិការរងខឹង ទាញកាំបិតដែលនៅជិតខ្លួនស្រាប់ គប់មកលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាលរយះហូរឈាម ។ ភ្លាមៗ ពេលនោះជនរងគ្រោះ មិនបានតបតវិញទេ ហើយដើរចេញទៅរក ពេទ្យដើម្បីព្យាបាលរបួស។ ពេលនេះជនរងគ្រោះ បានដាក់ពាក្យបណ្តឹង តាមនីតិវិធីច្បាប់៕