មេញ្ជាការសឹករងស្រុកឆ្លូង ប្រើអំណាចដើរជំរិតទាប្រាក់ ពីប្រជាពលរដ្ឋដែលរកត្រី ជាលក្ខណៈគ្រួសារ រហូតដល់មានការតវ៉ា
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋឃុំជាំតាម៉ៅ ស្រុកមេមត់ ជាច្រើន គ្រួសារ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេស អាជ្ញាធរ ខេត្តជួយអន្តរាគមន៍ចំពោះមន្រ្តីខិលខូចមួយចំនួន ដែលតែង ចុះមកជំរិតទាប្រាក់ពីពួកគាត់ជារៀងរាល់ឆ្នាំ នៅរដូវទឹកសម្រក គ្រាដែលពួកគាត់ចុះរកត្រីជាលក្ខណៈ គ្រួសារតាម ព្រែកឆ្លូងជាប់ព្រំប្រទល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ជាមួយស្រុកឆ្លូង ខេត្តក្រចេះ ។
បើតាមប្រជាពលរដ្ឋដែលត្រូវក្រុមមន្រ្តីខិតខូចមកជំរិតទា ប្រាក់បានរៀបរាប់ឲ្យដឹងថា ជារៀងរាល់ឆ្នាំឈ្មោះ ប្រាក់ វណ្ណា មេបញ្ជាការសឹករងស្រុកឆ្លូងរួមទាំងបក្សពួកបានចុះមកគំរាម ទាប្រាក់ពីពួកគាត់ ខណៈឆ្នាំនេះទាមួយឈ្មោះ៣០ម៉ឺន រៀល ប្រេងមួយកាន ៣០ លីត្រ ។ ជាមួយនិងការជំរិតទាប្រាក់ នេះបើអ្នកមិនបង់គឺត្រូវឈ្មោះ ប្រាក់វណ្ណាបញ្ជាឲ្យកូនចៅចាប់ យកទូក និងបំផ្លាញឧបករនេសាទចោលភ្លាម ។
សូមជម្រាបថាបើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ កាល ពីថ្ងៃទី១៣ ខែតុលាឆ្នាំ ២០១៨ ឈ្មោះ ប្រាក់ វណ្ណា បានដឹកនាំកម្លាំងដោយមានកាំភ្លើងផងចុះមកប្រមូលប្រាក់ ពីប្រជាពលរដ្ឋដែលធ្លាប់រកត្រីនៅរដូវទឹកសម្រក តែដោយប្រជាពលរដ្ឋខ្លះមិនមានប្រាក់បង់ឲ្យក៏ប្រមូលយកទូក មិនថាអ្នក រកត្រី ឬមិនរកនោះទេគឺយកទាំងអស់ដើម្បីបង្ខំឲ្យបង់លុយតាមខ្លួនកំណត់ ។ សកម្មភាពនេះត្រូវបានប្រជាពលរដ្ឋផ្ទុះការតវ៉ារហូតដល់ ក្រុម មន្រ្តីខិលខូចទាំងនោះប្រើកាំភ្លើងគំរាមទៀតផង ។
ជុំវិញសកម្មភាពនេះប្រជាពលរដ្ឋបានសំណូមពរដល់មេបញ្ជាការសឹករងខេត្តក្រចេះ ពិសេសលោកឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការភូមិភាគ២ មេត្តាពិនិត្យលទ្ធភាពអន្តរាគមន៍ជួយដល់ពួកគាត់ផង ព្រោះពួកគាត់គ្រាន់តែរងត្រីលក្ខណៈគ្រួសារសម្រាប់ហូបចុកប៉ុណ្ណោះ ។
ជុំវិញករណីនេះ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកមេញ្ជាការសឹករងស្រុកឆ្លូង បានទេ ដោយសារទូរស័ព្ទមិនចូល៕
ដោយ ÷ មរតក