កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងថ្នាល់ ថន សុម៉ាវត្តី ឈ្នះមេដាយប្រាក់ការប្រកួត Aquathlon នៅហុងកុង
ភ្នំពេញ៖កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុងថ្នាល់ក្រោម១៧ឆ្នាំកម្ពុជាថន សុម៉ាវត្តីដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសា Aquathlon ក្នុងព្រឹត្តិការណ៍ការប្រកួត ASTC Aquathlon Asian Championship នៅទីក្រុងហុងកុងប្រទេសចិន ដែលប្រពឹត្តិពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ។
អាគ័រត្លុង(Aquathlon)ជាប្រភេទកីឡាដែលមាន២វិញ្ញាបញ្ចូលគ្នា គឺចាប់ផ្ដើមដោយរត់២,៥០គីឡូម៉ែត្របន្ទាប់មកហែលទឹកចម្ងាយ១គីឡូម៉ែត្រ និង ចុងក្រោយរត់២.៥០គីឡូម៉ែត្រទៀត ។
លោកងិនសុខបញ្ញាអគ្គលេខាធិការនៃសហព័ន្ធកីឡាទី្រយ៉ាត្លុងកម្ពុជា បានមានប្រសាសន៍ថា កីឡាការិនីជម្រើសជាតិទ្រីយ៉ាត្លុង ក្រោម១៧ឆ្នាំកម្ពុជាដណ្តើម បានមេដាយប្រាក់លើវិញ្ញាសា Aquathlonដែលរត់ចម្ងាយ២,៥ គីឡូម៉ែត្រ ហែលទឹកចម្ងាយ១គីឡូម៉ែត្រ និងចុងក្រោយរត់២,៥ គីឡូម៉ែត្រថែមទៀត។
លោកបានបន្តថា ការប្រកួតនេះមាន៥ប្រទេសចូលរួមម្ចាស់ផ្ទះទីក្រុងហុងកុង ម៉ាកាវ កោះតៃវ៉ាន ប្រទេសហ្វីលីពីន និងប្រទេសកម្ពុជាយើង ហើយនេះជាលើកទី១ ដែលកីឡាការិនីថ្នាល់ទ្រីយ៉ាត្លុងកម្ពុជា ឈ្នះមេដាយប្រាក់នេះ៕