ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺត្រូវរក្សាបាននូវស្ថេរភាពនយោបាយ និងសន្តិភាព ដើម្បីឈានទៅសម្រេចកំណើនសេដ្ឋកិច្ច ៧,២%យូរអង្វែង

113

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខ សំណេះសំណាលជាមួយកូមក្មួយយុវជន សិស្ស និងនិស្សិតប្រមាណជាង ៦០ នាក់ ដែលកំពុងរស់នៅបន្តការសិក្សានៅប្រទេសតួគី។

កាលពីឆ្នាំ ១៩៩៥ តួគីបានផ្តល់អាហារូបករណ៍ដំបូងឲ្យកម្ពុជាសម្រាប់និស្សិត៤ រូប។ នៅឆ្នាំ ១៩៩៧ មានចំនួន ៤ រូបទៀត ហើយនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៨ សមាគមនិស្សិតកម្ពុជា-តួគីក៏បានបង្កើត ឡើងដោយមានសមាជិកចំនួន៦៨ នាក់ ដែលក្នុងនោះមានថ្នាក់បណ្ឌិត២នាក់, បរិញ្ញាបត្រជាន់ខ្ពស់៧នាក់, បរិញ្ញាបត្រ១៨នាក់, សាសនាអ៊ីស្លាម៣០នាក់ និងវិទ្យាល័យ១១ នាក់។ ក្នុងចំណោមនេះសិស្ស និស្សិតអាហារូបករណ៏រដ្ឋាភិបាលមានចំនួន៣៥ នាក់, អាហារូបករណ៍អង្គការក្រៅរដ្ឋាភិបាលចំនួន ៣០នាក់ និងបង់ថ្លៃ៣នាក់។ និស្សិតដែលបានសិក្សានៅប្រទេសតួគីមានជំនាញដូចជា វិស្វកម្មកុំព្យូទ័រ, រដ្ឋបាលអប់រំ, ទំនាក់ទំនងការបរទេស, សំណង់ស៊ីវិល, គ្រប់គ្រងបុគ្គលិក, ច្បាប់, សេដ្ឋកិច្ច, ទេសចរណ៍, ពេទ្យ, ឱសថ, វិទ្យាសាស្ត្រនយោបាយ, ពាណិជ្ជកម្មអន្តរជាតិ, សុខភាពសាធារណៈ និងសាសនាអ៊ីស្លាម។

សម្តេចតេជោ ហ៊ុន សែន រីករាយជាអនេកដែលបានមកជួបកូនក្មួយយុវជន សិស្ស និងនិស្សិតខ្មែរដែលបានមក បន្តការសិក្សានៅតួគីថ្ងៃនេះ ព្រោះថាពេលនេះកម្ពុជា និងតួគីបាននឹងកំពុងយកចិត្តទុកដាក់ទៅ លើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញ ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ។

សម្តេចតេជោ បានជម្រាបជូនក្មួយៗអោយបានដឹងផងដែរថា កម្ពុជាមានកិត្តិយសដែលត្រូវ ទទួលបានសិទ្ធិក្នុងការរៀបចំ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅឆ្នាំ២០២០ ដែលនេះជាមោទភាពមួយដ៏ធំបំផុត ព្រោះកិច្ចប្រជុំកំពូលនេះ នឹងមានជាង៥៣ប្រទេស ដែលនឹងត្រូវមកចូលរួមនៅកម្ពុជា។ កន្លងមកកម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន២ដងរួច ទៅហើយគឺនៅឆ្នាំ ២០០២ និង២០១២។ សម្តេចតេជោបានថ្លែងថា ភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺត្រូវរក្សាបាននូវស្ថេរភាពនយោបាយ និងសន្តិភាព ដើម្បីឈានទៅសម្រេចកំណើនសេដ្ឋកិច្ច ៧.២%យូរអង្វែង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណដល់កូនក្មួយនិស្សិត រស់ក្រៅប្រទេសដែលបានចូលរួម ដំណើរការប្រជាធិបតេយ្យ ដោយបានទៅបោះឆ្នោតខ្លួនឯងផង និងបានអំពាវនាវអោយ ក្រុមគ្រួសារទៅបោះឆ្នោតផងដែរ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសដ៏ត្រឹមត្រូវ មានន័យថា ជាការបោះឆ្នោតជ្រើសរើស យកនូវសុខសន្តិភាព ការអភិវឌ្ឍ និងបន្តរក្សានូវកិច្ចខិតខំប្រឹងប្រែង របស់ជីដូនជីតារបស់ខ្លួន យើងម្នាក់ៗ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឲ្យសិស្សនិស្សិតទាំងអស់ ដែលបានទទួលអាហារូបករណ៍ មកសិក្សានៅប្រទេសតួគីនេះ គោរពច្បាប់ប្រទេសគេ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសខិតខំប្រឹងប្រែង រៀនសូត្រមុខជំនាញ និងភាសាបរទេស ឲ្យបានច្រើនភាសា ជាពិសេសភាសាអង់គ្លេស ដែលងាយស្រួលក្នុងការស្វែងរក ការងារធ្វើដើម្បីអនាគតរបស់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ។

នៅក្នុងឱកាសនេះដែរ ដើម្បីជាការលើកទឹកចិត្តសម្រាប់កូន ក្មួយយុវជនសិស្ស និស្សិតទាំងអស់ដែលកំពុងរស់ នៅសិក្សារៀនសូត្រនៅក្នុងប្រទេសតួគី សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន ផ្ដល់នូវថវិកាឧបត្ថម្ភដល់និស្សិតទាំង 68 នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន500ដុល្លារ។ សម្តេចតេជោ បានជូនពរដល់កូនក្មួយ ចៅៗ សិស្ស និស្សិតទាំងអស់ដែល កំពុងសិក្សានៅទីនេះ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង