កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ៖ សម្ដេចតេជោ បានបញ្ជាក់សារជាថ្មីពីការគាំទ្រ ចំពោះប្រព័ន្ធពហុភាគីនិយម នៅក្នុងនិម្មាបនកម្មសកលលោក ជាពិសេសអង្គការពាណិជ្ជកម្មពិភពលោក
ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាស ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើក ទី១២ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក បានបិទបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងការអនុម័ត នូវសេចក្តីថ្លែងការណ៍ របស់ប្រធានអង្គប្រជុំស្តីពី “អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់ការប្រឈមសកល”។
ថ្នាក់ដឹកនាំបានពិភាក្សាយ៉ាងផុលផុស ទៅលើបញ្ហាជាច្រើន ដែលផ្តោតទៅលើការជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ ASEM និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របទៅនឹងបរិបទនៃ ររៀបវារៈឆ្នាំ២០៣០។
ថ្នាក់ដឹកនាំបានចែករំលែកនូវគំនិត និងទស្សនៈវិស័យអំពីការវិវត្តន៍ថ្មីៗ នៅក្នុងតំបន់ និងអន្តរជាតិ ដែលតម្រូវឲ្យមានការដោះស្រាយរួមគ្នា ដើម្បីជាប្រយោជន៍របស់អាស៊ី និងអឺរ៉ុប ដែលរួមមាន៖ ការប្រយុទ្ធប្រឆាំងគោលនយោបាយគាំពារនិយម ពង្រឹងពហុភាគីនិយម និងសណ្ដាប់ធ្នាប់អន្តរជាតិ ដោយឈរលើគោលការណ៍ច្បាប់ ដោះស្រាយការប្រឈមនៃការប្រែប្រួលអាកាសធាតុ លើកកម្ពស់ការមិនរីកសាយសព្វាវុធ ក្នុងសកលលោក ការរំលាយចោលអាវុធនុយក្លេអ៊ែរ និងដំណើរការសន្តិភាពជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងអំពើជ្រុលនិយមដោយហិង្សា ទេសន្តរប្រវេសន៍ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត និងសន្តិសុខលំហរសមុទ្រ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវទស្សនៈ ស្ដីពីរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានគូសបញ្ជាក់ពីភាពចាំបាច់ ឲ្យមាននូវយន្តការសម្របសម្រួល ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមសំខាន់ៗ របស់សកលលោក ដែលអាចប៉ះពាល់ដល់សមត្ថភាព របស់ប្រទេសនីមួយៗ ក្នុងការធានានូវកំណើន ដោះស្រាយការកាត់បន្ថយភាពក្រីក្រ កែលម្អសមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់សារជាថ្មីពីការគាំទ្រ ចំពោះប្រព័ន្ធពហុភាគីនិយម នៅក្នុងនិម្មាបនកម្មសកលលោក ជាពិសេសអង្គការពាណិជ្ជកម្មពិភពលោក។ អាស៊ី និងអឺរ៉ុប គួរពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាដល់សន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងសិទ្ធិមនុស្ស ជាមូលដ្ឋាន ដែលជាកត្តាសំខាន់ក្នុងការសម្រេចបាន គោលដៅ អភិវឌ្ឍប្រកបដោយចីរភាព (SDGs)។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូ ASEM ទាំងអស់ដែលបានគាំទ្រកម្ពុជា ឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២០ ខាងមុខ នៅរាជធានីភ្នំពេញ៕
ខាងក្រោមនេះជាសេចក្តីថ្លៃងការទាំងស្រុង របស់ក្រសួងការបរទេស៖