ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីស្តីទី៖ បញ្ជាការដ្ឋានអង្គរក្ស ជាកម្លាំងអន្តរាគមន៍ពិសេស មានជំនាញ និងជាកម្លាំងដ៏ស្មោះត្រង់ចំពោះជាតិ

44

កណ្តាល៖ លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី បានលើកឡើងថា បញ្ជាការដ្ឋានអង្គរក្ស ជាកម្លាំងអន្តរាគមន៍ដ៏ពិសេស មានជំនាញអាជីពរៀបរយ មានសណ្តាប់ធ្នាប់ និងជាកម្លាំងស្មោះត្រង់បំផុត អាចចាត់ទុកជាគំរូទី១ គឺការពារការពារព្រះមហាក្សត្រ ការពារសម្តេចតេជោ ហ៊ុន សែន ការពារក្រុមគ្រួសាររបស់សម្តេច និងការពារថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋ។

ការលើកឡើងបែបនេះរបស់លោកសន្តិបណ្ឌិត នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រារព្ធខួបអនុស្សាវរីយ៍គម្រប់ ៣៣ឆ្នាំ ថ្ងៃបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ និងខួបអនុស្សាវរីយ៍លើកទី១៤ ថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស។

បន្ថែមពីនេះ លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានដើរតួនាទីជាកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ សម្រាប់ដើរចល័ត តាមបញ្ជារបស់ក្រសួងការពារជាតិ និងនាយសេនាធិការចម្រុះ ដែលបានដាក់បញ្ជាឱ្យ។ យើងមើលឃើញសភាពការណ៍ធំៗចំនួន២ គឺទី១៖ សភាពការណ៍ឈ្លានពាននៅប៉ែកខាងលិច និងទី២៖ សភាពការណ៍នៅប៉ែកឦសាន្ត។

«គ្រប់ពេលកម្លាំងបញ្ជាការដ្ឋានអង្គរក្ស តែងរួមចំណែកអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងការពារជាតិ ខ្ញុំចាត់ទុកថានេះ ជាកម្លាំងអន្តរាគមន៍មួយលឿនរហ័សទាន់ចិត្ត និងមានប្រសិទ្ធភាព»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកសន្តិបណ្ឌិត នេត សាវឿន។

លោកសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា បញ្ជាការដ្ឋានអង្គរក្ស បានរួមចំណែកជាមួយកម្លាំងផ្សេងៗ ការពារគ្រប់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។ ស្នាដៃចុងក្រោយនេះ ការពារកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ, ការពារព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ាន និងអាស៊ានប៉ារ៉ាហ្គេម និងព្រឹត្តិការណ៍មួយចំនួនទៀតជាដើម។

ទន្ទឹមនឹងនេះដែរលោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា៖ «កម្លាំងបញ្ជាការដ្ឋានអង្គរក្ស (កម្ពុជា) គឺប្រធានាធិបតីអាមេរិក លោកបានប្រើពាក្យមួយថា (កម្លាំងការពាររបស់កម្ពុជា នៅក្នុងតំបន់នេះអាចចាត់ទុកជាគំរូមួយ) ពីព្រោះកម្លាំងបានការពារសុវត្ថិភាព សណ្តាប់ធ្នាប់ បានយ៉ាងជោគជ័យ ត្រចេះត្រចង់។ ដូច្នេះស្នាដៃរបស់បញ្ជាការដ្ឋានអង្គរក្ស ដែលបានចូលរួមទាំងព្រឹត្តិការណ៍អន្តរជាតិ និងព្រឹត្តិការណ៍ពិតជាសំខាន់ខ្លាំងណាស់ ដែលទាមទារឱ្យចូលរួមបំពេញបន្ត។

អត្ថបទដែលជាប់ទាក់ទង