បង្រ្កាបបទល្មើសនេសាទ នៅតំបន់រនាមក្រោម ស្រុកមោងឫស្សី កាប់បំផ្លាញនិងដុតកម្ទេចចោល និងចាក់លែងកូនត្រី ចូលក្នុងទឹកវិញ ឯម្ចាស់រត់គេចខ្លួន
បាត់ដំបង ៖ អធិការដ្ឋាននគរបាលស្រុក មោងឫស្សី បានឲ្យដឹងថា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះបង្ក្រាបបទល្មើសនេសាទ នៅតំបន់រនាមក្រោមលើភូមិសាស្ដ្រចំនួន២ឃុំគឺ ឃុំព្រៃតូច និងឃុំកកោះចំនួន៤គោលដៅ ដោយបានរឹបអូសសាច់មង7300ម៉ែត្រ បង្គោល1460ដើម ឡុកចំនួន9 បានកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង និងចាក់លែងកូនត្រីប្រហែល500គីឡូក្រាម ចូលក្នុងទឹកវិញ រីឯម្ចាស់បានរត់គេចខ្លួន។
អធិការដ្ឋាននគរបាលស្រុក មោងឫស្សី បានបន្ថែមថា ប្រតិបត្តិការនេះធ្វើឡើង ក្រោយពីទទួលបាននូវបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស។ នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ ២០១៨ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នឹងលោក វរសេនីយ៍ត្រី ស គឹមឡុង អធិការនគរបាលស្រុក បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ចំនួន១០នាក់ កម្លាំងនគរបាលស្រុកមោងប្ញស្សីចំនួន៣០នាក់ ប្រជាពលរដ្ឋ២៥នាក់ សរុប៦៥នាក់ ប្រើប្រាស់មធ្យោបាយ កាណូតស្មាច់១៣គ្រឿង កាបិត១៥ កណ្ដៀវ១៥ ពូថៅ៦ ចុះបង្ក្រាបបទល្មើសនេសាទ នៅតំបន់រនាមក្រោមលើភូមិសាស្ដ្រចំនួន២ឃុំគឺ ឃុំព្រៃតូច និងឃុំកកោះចំនួន៤គោលដៅគឺ គោលដៅទី១ ចំណុចដំណាក់ដំរី ភូមិសាស្រ្តឃុំព្រៃតូច គោលដៅទី២ ចំណុចខាងត្បួងដំណាក់ដំរី គោលដៅទី៣ ចំណុចបឹងដាច់ហៀវភូមិសាស្ដ្រឃុំ កកោះ គោលដៅទី៤ ចំណុចខាងជើងបីងដាច់ហៀវ។ ជាលទ្ធផលបង្ក្រាបបាន សាច់មង៧៣០០ម៉ែត្រ បង្គោល១៤៦០ដើម ឡុកចំនួន៩ បានកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង និងលែងកូនត្រីប្រហែល៥០០គីឡូក្រាម រីឯម្ចាស់បានរត់គេចខ្លួន៕