ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជា នឹងផ្តល់កន្លែកស្នាក់នៅ ការហូបចុក ឥតគិតថ្លៃ ជូនគណៈប្រតិភូ ចូលរួមនៃកិច្ចប្រជុំ ថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ថ្ងៃទី១៧-២២ ខែកញ្ញា ២០២៣ ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះ

39

ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាន បញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិ កាក បាទក្រហមនិងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២។តាមរយៈកិច្ចប្រជុំនេះកាកបាទក្រហមកម្ពុជា នឹងផ្តល់កន្លែកស្នាក់នៅ រួមទាំងការហូបចុក ជូនគណៈប្រតិភូ ដែលអញ្ជើញចូលរួម ដោយមិនគិតថ្លៃ  ។   ថ្លែងក្នុងជំនួបអ្នកសារព័ត៌មាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាមាន បានបញ្ជាក់ថា៖ ឆ្នាំនេះកាកបាទ ក្រហមកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិ ភាគអាស៊ីអាគ្នេយ៍ ដែលនឹង ប្រព្រឹត្ត ទៅ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២២។

លោកជំទាវបានបន្ដថា៖វេទិកាយុវជនលើកទី២នេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា សមាគមនីមួយៗ នឹងបញ្ចូនយុវជន៣នាក់ មកចូលរួម ខណៈកម្ពុជា នឹងចាត់យុវជនចំនួន១០នាក់ចូលរួមជាប្រតិភូនិង១០នាក់ ទៀត ចូលរួមជា អ្នកសម្របសម្រួល ។
លោកជំទាវបន្តថា វេទិកាយុវជននេះ មានគោលបំណងបំប៉នផ្តល់ចំណេះដឹង ស្តីពី ការងារ មនុស្សធម៌ ដល់យុវជនរួមទាំងកសាងសមត្ថភាព យុវជនក្នុងភាពជាអ្នកដឹកនាំវ័យក្មេង នៅក្នុងចលនាអន្តរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម យុវជនទាំងអស់នឹងបន្តចូលរួមក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ ក្នុងឋានៈជាអ្នកសង្កេតការណ៍។

ចំណែកឯកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នឹងបន្តនៅថ្ងៃទី ២១និង២២ ខែកញ្ញា ដែលមានគណៈប្រតិភូមកពីសមាគមជាតិទាំង១១ក្នុងភូមិ ភាគអាស៊ីអាគ្នេយ៍ រួមមានសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទ ក្រហមនិងអឌ្ឍចន្ទក្រហម និងគណៈកម្មាធិការអន្តរជាតិកាកបាទ ក្រហម ដើម្បីពិភាក្សា និងសម្រេចលើក្តីកង្វល់រួម ដែលសមាជិករួមមាន អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមកម្ពុជា, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា,កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី,កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទ ក្រហមវៀតណាម ក្រោមប្រធានបទ ការចូលរួមរបស់យុវជនកាកបាទក្រហម  ដើម្បី អនាគតកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌ ។

កិច្ចប្រជុំថ្នាក់ដឹកនាំនេះនឹងពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីសម្រេច និងការប្ដេជ្ញាចិត្តរួមគ្នា កាលពីឆ្នាំ២០២២ និងបន្តពិភាក្សាស្វែងរកដំណោះស្រាយថ្មីៗ លើបញ្ហា ប្រឈមនានាដែលកើត មានជាបន្តបន្ទាប់ រួមជាមួយការពង្រឹងកិច្ចសហប្រតិបត្តិការ ចំណង មិត្តភាពសាមគ្គី ភាពនៅក្នុងភូមិ ភាគអាស៊ីអាគ្នេយ៍ និងនៅលើ សកលលោក។

លោកជំទាវបានបញ្ជាក់ថា ៖ ក្នុងនាមជាម្ចាស់ផ្ទះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  បានគិតគូរយ៉ាងហ្មត់ចត់ ទៅលើគណៈ ប្រតិភូដែលអញ្ជើញចូលរួម ក្នុងការផ្តល់ជូន កន្លែងស្នាក់នៅ រួមទាំងការហូបចុកដោយមិនគិតថ្លៃផងដែរ។      ទន្ទឹមនឹងកិច្ចប្រជុំថ្នាក់ដឹកនាំនេះ កាកបាទក្រហមកម្ពុជា នឹងដឹកនាំប្រតិភូយុវជនទាំងអស់ ទៅដាំដើម ឈើចំនួន ២,០០០ដើម លើផ្ទៃដីជាង ២ហិកតា និងនៅកសិណ ជុំវិញព្រះចុល្លាមុនីចេតិយ នាថ្ងៃទី២០ ខែកញ្ញា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងប្រធានមជ្ឈមណ្ឌល។

ការដាំដើមឈើនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីដំណោះស្រាយដោយផ្អែកលើធម្មជាតិ ក៏ដូចជាលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងការដាំដើមឈើ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។   សូមបញ្ជាក់ថា៖ នៅថ្ងៃទី២១ ខែកញ្ញា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា នឹងថ្លែងបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងនៅថ្ងៃបញ្ចប់នៅថ្ងៃទី២២ ខែកញ្ញា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទ ក្រហមកម្ពុជា នឹងផ្ទេរភារកិច្ច ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងវេទិកាយុវជនលើកទី៣  ទៅកាកបាទក្រហមឥណ្ឌូនេស៊ី ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង