ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវទេសាភិបាល ជា សិរី បញ្ជាក់ថា នឹងស្វាគមន៍មតិយោបល់ចូលរួមកែលម្អពីគ្រប់ភាគីពាក់ព័ន្ធដើម្បីការពារផលប្រយោជន៍សង្គម និងការរីកចម្រើនវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច

61

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារមកពីបណ្តាញអង្គការមិនមែនរដ្ឋាភិបាលដែលជាសមាជិករបស់វេទិកាហិរញ្ញវត្ថុយុត្តិធម៌អាស៊ី (FFA) រួមមានអង្គការអុកស្វាម វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងអង្គការតម្លាភាពកម្ពុជា។ ជំនួបនេះបានធ្វើឡើងនៅថ្ងៃអង្គារទី៥ ខែកញ្ញា ឆ្នាំ២០២៣។

លោកជំទាវទេសាភិបាលបានស្វាគមន៍តំណាងបណ្តាញអង្គការមិនមែនរដ្ឋាភិបាលដែលបានមកជួបពិភាក្សាការងារនាពេលនេះ ដែលនឹងរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមកលើការអនុវត្តគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម តំណាងក្រុមការងារ FFA បានសម្តែងការអបអរដល់លោកជំទាវ ជា សិរី ដែលត្រូវបានតែងតាំងជាទេសាភិបាលធនាគារជាតិនៃកម្ពុជា និងបានរៀបរាប់ពីកិច្ចការរបស់ FFA ទាក់ទងនឹងការពង្រឹងមូលដ្ឋានភស្តុតាងក្នុងករណីនៃការវិនិយោគដែលបង្កគ្រោះថ្នាក់ និងកិច្ចការចែករំលែកចំណេះដឹងដល់សហគមន៍មូលដ្ឋានសម្រាប់ការផ្លាស់ប្តូរកាន់តែប្រសើរក្នុងប្រព័ន្ធហិរញ្ញវត្ថុ។

លោកស្រីបានកោតសសើរធនាគារជាតិនៃកម្ពុជាដែលបានបញ្ជូនតំណាងចូលរួមស្តាប់ការចែករំលែកព័ត៌មានរបស់ FFA នាពេលកន្លងមក និងបានចូលរួមមតិយោបល់ជាច្រើនទាក់ទងនឹងការអនុវត្តវិធានការរបស់ធនាគារជាតិនៃកម្ពុជា ដែលការសហការនេះបានធ្វើឱ្យគម្លាតដែលធ្លាប់យល់ខុសគ្នារវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរហិរញ្ញវត្ថុរួមតូចជាងមុន។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានបញ្ជាក់ថានឹងស្វាគមន៍មតិយោបល់ចូលរួមកែលម្អពីគ្រប់ភាគីពាក់ព័ន្ធដើម្បីការពារផលប្រយោជន៍សង្គម និងការរីកចម្រើនវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ច។ លោកជំទាវ ក៏បានជម្រាបជូនថា ធនាគារជាតិនៃកម្ពុជាបានអនុវត្តការងារជាច្រើនដើម្បីពង្រឹងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដូចជាការរៀបចំបទប្បញ្ញត្តិគតិយុត្តដើម្បីការពារអតិថិជននិងសម្រួលបន្ទុកអ្នកខ្ចីប្រាក់ ពង្រឹងកិច្ចសហកាជាមួយស្ថាប័នអនុវត្តច្បាប់ និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញវត្ថុតាមរយៈការរៀបចំកិច្ចប្រជុំនិងព្រឹត្តការណ៍នានា ការដាក់បញ្ចូលមេរៀនផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា ព្រមទាំងការផលិតមាតិការនិងវីឌីអូអប់រំផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធផ្សព្វផ្សាយនានាជាដើម។ បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជាក៏ទើបដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ដង់ដារកិច្ចសន្យាឥណទាន និង ខ ចែងស្ដង់ដារកិច្ចសន្យាឥណទាន» ដើម្បីឱ្យអ្នកប្រើប្រាស់ឥណទានងាយយល់ពីលក្ខខណ្ឌចម្បងៗ ដែលក្រុមការងារ FFA អាចជួយផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយដល់សហគមន៍មូលដ្ឋាន។

លោកជំទាវក៏បានលើកទឹកចិត្តឱ្យស្ថាប័នក្រៅរដ្ឋាភិបាលបន្តវប្បធម៌ពិភាក្សានាពេលខាងមុខថែមទៀតលើបញ្ហាដែលសង្គមស៊ីវិលរកឃើញដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម។ ធនាគារជាតិនៃកម្ពុជា ក៏ត្រូវការធាតុចូលពីបណ្តាញអង្គការមិនមែនរដ្ឋាភិបាលដើម្បីរៀបចំគោលនយោបាយនានាឱ្យកាន់តែមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ។

អត្ថបទដែលជាប់ទាក់ទង