រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៌អន្តរជាតិលើកទី៧ (ITE-HCMC 2023) នៅទីក្រុងហូជីមិញ
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន និងលោកជំទាវ បានចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពិធីលៀងសាយភោជន៍ក្នុងកម្មវិធី “រាត្រីវៀតណាម” ដើម្បីស្វាគមន៍គណៈប្រតិភូដែលមកចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ ITE-HCMC 2023 លើកទី១៧ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧-០៩ ខែកញ្ញា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយក្រោមប្រធានបទ “រូបរាងរបស់វៀតណាម – Shape of Vietnam” ដែលបានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងទិសដៅទេសចរណ៍នានារបស់ប្រទេសវៀតណាម និងអ្វីដែលបណ្តាប្រទេសមេគង្គអាចផ្តល់ជូនដល់ទេសចរ ដែលមកពីជុំវិញពិភពលោក ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូមកពីបណ្ដាប្រទេសជាច្រើនសរុបចំនួនប្រមាណ ១០០០នាក់។
ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសព័ត៌មានថា ឯកឧត្តម សុខ សូកេន រដ្ឋមន្តី ក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូនៃក្រសួងទេសចរណ៍ ដែលរួមមានដៃគូក្នុងវិស័យឯកជន ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី១៧ (ITE-HCMC 2023) ដែលជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិមួយប្រចាំឆ្នាំប្រចាំតំបន់មេគង្គ ដែលនឹងប្រារព្ធធ្វើនៅចាប់ពីថ្ងៃ ទី០៦-០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
អំឡុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ឯកឧត្តមរដ្ឋមន្តី នឹងចូលរួមជា ភ្ញៀវកិត្តិយសក្នុងកម្មវិធីរាត្រីវៀតណាម (Vietnam Night) ពិធីកាត់ខ្សែបូនៃពិព័រណ៌អន្តរជាតិលើកទី១៧ (ITE-HCMC 2023) និងអញ្ជើញទស្សនាស្តង់ពិព័រណ៍នានា និងបង្ហាញពន្លាពិព័រណ៍ទេសចរណ៍កម្ពុជា ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋមន្ត្រីទេសចរណ៍នានាដែលនឹងចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ អន្តរជាតិនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏នឹងថ្លែងសុន្ទរកថាគន្លឹះអំពី “ការយល់ដឹងអំពីបរិវត្តកម្មឌីជីថល ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍អន្តរជាតិ” ក្នុងវេទិកាទេសចរណ៍កម្រិតខ្ពស់ផងដែរ។
តាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ កម្ពុជារំពឹងថានឹងទាក់ទាញភ្ញៀវអន្តរជាតិកាន់តែច្រើន មកទិញផលិតផលទេសចរណ៍ ទិញផលិតផលទេសចរណ៍កម្ពុជា និងអាចផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារគោលដៅ
និងទីផ្សារអន្តរជាតិអំពីសក្តានុពលឱ្យស្របតាមយុទ្ធនាការផ្សព្វផ្សាយ”ទស្សនាកម្ពុជាឆ្នាំ២០២៣” និងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅផ្ដល់ភាពកក់ក្ដៅរបស់ប្រទេសយើងថាគោលដៅទេសចរណ៍សកលឈានមុខសុវត្ថិភាព ស្អាត និងបៃតង៕