ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃសាលាភូមិន្ទរដ្ឋបាល

39

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដោយក្នុងជំនួបនេះ មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានាយក នាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីកិច្ចសន្យា សរុបប្រមាណ ៨០នាក់។

ជាកិច្ចស្វាគមន៍ក្នុងកម្មវិធីនេះ ឯកឧត្តម យក់ បុណ្ណា នាយកសាលាភូមិន្ទរដ្ឋបាល និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានធ្វើបច្ចុប្បន្នភាពការងារ ដែលសាលាភូមិន្ទរដ្ឋបាលដោយបានលើកអំពីសមិទ្ធផល៤ ផ្នែកធំៗរួមមាន៖ ការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រី ការបណ្តុះបណ្តាលមន្ត្រីរាជការ ការសិក្សាស្រាវជ្រាវ និងចងក្រង ព្រមទាំងការអនុវត្ត និងផ្សព្វផ្សាយការងារសង្គម។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីឧត្តមភាពនៃសាលាភូមិន្ទរដ្ឋបាលក្នុងការបណ្តុះបណ្តាល មន្ត្រីរាជការ ប្រកបដោយគុណវុឌ្ឍ វិជ្ជាជីវៈ និងវិន័យនៃមន្ត្រីរាជការ។ មានប្រសាសន៍បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ស្ដីពីការកែទម្រង់ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ គឺជាការងារសំខាន់បំផុតដែលត្រូវធ្វើឱ្យបានដាច់ខាត ដោយឈរលើគោលការណ៍ច្បាប់តឹងរឹង យុត្តិធម៌ ស្អាតស្អំ ដើម្បីទទួលបានបុគ្គលសក្តិសមជាមន្ត្រីរាជការ គឺមានទាំងសមត្ថភាព និងសីលធម៌។

ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីបេសកកម្ម និងការងារអាទិភាពឆ្ពោះទៅមុខ ព្រមទាំងបានស្នើថ្នាក់ដឹកនាំ មន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ត្រៀមស្មារតី និងឆន្ទៈ ក្នងការអនុវត្តការងារកែទម្រង់ការប្រឡងជ្រើសរើសមន្ត្រី ដោយឈរលើមូលដ្ឋានការដឹកនាំដោយគោលការណ៍ និងការចូលរួមទាំងអស់គ្នា។

អត្ថបទដែលជាប់ទាក់ទង