អគ្គនាយកដ្ឋានពន្ធដារ កោះអញ្ជើញលោក ឡៅ ប៉ោហួត អគ្គនាយកក្រុមហ៊ុន ហាង ហុងដា ឡៅ ចេងហូរ បាត់ដំបង មកដើម្បីដោះស្រាយបំណុលពន្ធ
រាជធានីភ្នំពេញ៖ នៅ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣អគ្គនាយកដា្ឋនពន្ធដារបានចេញលិខិតជម្រាបជូន លោក ឡៅ ប៉ោហួត អគ្គនាយកក្រុមហ៊ុន ហាង ហុងដា ឡៅ ចេងហូរ បាត់ដំបង, កម្មវត្ថុ ៖ ស្តីពីការអញ្ជើញ លោក ឡៅ ប៉ោហួត ចូលខ្លួនមកទូទាត់បំណុលពន្ធ។ យោង ៖ – ច្បាប់ស្តីពីសារពើពន្ធដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៣ – ប្រកាសលេខ ៩៦២ សហវ.ប្រក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងបំណុលពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ហាង ហុងដា ឡៅ ចេងហួរ បាត់ដំបង (HONDA LAO CHENGHOUR BATTAMBANG) លេខអត្តសញ្ញាណកម្ម សារពើពន្ធ៖ B102-901901289 ចុះបញ្ជីនៅសាខាពន្ធដារខេត្តបាត់ដំបង ជ្រាបថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ច របស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញលោកអគ្គនាយក មកដើម្បីដោះស្រាយបំណុលពន្ធ តាមរយៈលិខិតអញ្ជើញលេខ ១២២៨ អពដ.ន.ពតម ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធឡើយ។
អនុលោមតាមវាក្យខណ្ឌ ខ នៃកថាខណ្ឌ ៦ នៃមាត្រា ១៩៨ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកអគ្គនាយក មកនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ អគារ FLATIRON ជាន់ទី១៩ ផ្លូវលេខ១០២ ភ្នំពេញ ស៊ីធី សេនធ័រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៣៨២ ៧៩៧ មិនឱ្យលើសពី ១៥ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុង ទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។
ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ២២៦ មាត្រា ២៤២ និងមាត្រា ២៤៣ នៃច្បាប់ ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការប្ដឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោកអគ្គនាយក ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕