ស្ថានទូតកម្ពុជានៅកូរ៉េ នឹងចុះផ្ដល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យទី ២៨ ខែ តុលា ខាងមុខនេះ
ប្រទេសកូរ៉េ៖ ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋខ្មែរកាន់តែទូលំទូលាយ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយ មជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងអ៊ីនឆន់ នឹងចុះផ្ដល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី ២៨ ខែ តុលា ឆ្នាំ២០១៨នេះ ។
នេះបើតាមជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ ដែលសេចក្តីជូនដំណឹងនេះមានន័យដើមដូចខាងក្រោមនេះ៖
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ សិក្សា និងធ្វើការ នៅសាធារណរដ្ឋកូរ៉េឱ្យបានជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋខ្មែរកាន់តែទូលំទូលាយ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយ មជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងអ៊ីនឆន់ នឹងចុះផ្ដល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី ២៨ ខែ តុលា ឆ្នាំ២០១៨ នៅទីក្រុងអ៊ិនឆន់ ចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៧:០០ រសៀល។
គួរបញ្ជាក់ដែរថា គិតត្រឹមខែតុលា ក្នុងឆ្នាំ២០១៨ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំកម្មវិធីចុះពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងប្រឹក្សាយោបល់លើច្បាប់ការងារ នៅនឹងកន្លែងជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅទីក្រុងនានា នៃសាធារណរដ្ឋកូរ៉េ បានចំនួន ៧លើក ស្មើនឹងជាង ១៣០០ លិខិតឆ្លងដែន ដោយពុំចាំបាច់ឱ្យប្រជាពលរដ្ឋ ពិបាកចំណាយថវិកា និងពេលវេលា ធ្វើដំណើរមកបន្ដនៅទីក្រុងសេអ៊ូល៕