ចាប់ខ្លួនស្រ្តីជាម្តាយ ដែលយកកូនស្រីបង្កើត៣នាក់ ទៅលក់នៅប្រទេសចិន
ក្រចេះ៖ ស្រ្តីម្នាក់ ជាមេខ្លោងជួញដូរមនុស្ស និងយកកូនស្រីបង្កើតរបស់ខ្លួន៣នាក់ ទៅលក់នៅប្រទេសចិន ត្រូវបាននគរបាលឃាត់ខ្លួន និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ។ បន្ទាប់ពីចាប់ខ្លួនស្រ្តីជាម្តាយរួចហើយ កូនស្រីបង្កើតរបស់ខ្លួន៣នាក់ បានចេញមុខមកបកអាក្រាត នូវទង្វើរបស់ម្តាយ ដែលចិត្តតិរច្ឆាន លក់កូនស្រី។
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ស្រ្តីរូបនេះឈ្មោះ ឌី ចាន់ធី អាយុ៥៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តចាប់ខ្លួនបាននៅខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែតុលា បន្ទាប់ពីមានការចុះស្រាវជ្រាវ និងរកឃើញថា មានជាប់សង្ស័យជាមេខ្លោងជួញដូរមនុស្ស ឆ្លងទៅប្រទេសចិន។
លោកស្រី នៅ រតនា ស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងបន្ថែមថា នគរបាលជំនាញបានចាប់ខ្លួនស្រ្តីសង្ស័យខាងលើ ទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ចំនួន៣នាក់ រស់នៅភូមិថ្នល់កើត ឃុំស្វាយជ្រះ ស្រុកស្នួល ដែលបានប្តឹងពីបទជួញដូរមនុស្ស ក្នុងរូបភាពបោកបញ្ឆោតឲ្យទៅយកប្តី នៅប្រទេសចិនដោយខុសច្បាប់។ ស្រ្តីរូបនេះក្រៅពីជាប់សង្ស័យពី បទជួញដូរមនុស្សឆ្លងដែន ក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងបទក្លែងឯកសារមួយករណីទៀត។ ឆ្លងតាមការស្រាវជ្រាវពីកម្លាំងនគរបានជំនាញ សហការជាមួយកម្លាំងនគរបាលនាយដ្ឋាន ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការឧបត្ថមគាំទ្រពីអង្គការមេត្រីអន្តរជាតិហៅកាត់ថា I’ M (អេម) បានធ្វើឲ្យនគរបាលបំបែកសំណុំរឿងជួញដូរមនុស្ស និងជួញដូរកូនស្រីបង្កើតខ្លួនឯង ទ្រង់ទ្រាយធំមួយករណីនេះបាន។
លោកស្រីស្នងការរង បានបញ្ជាក់ទៀតថា កាលពីអំឡុងប៉ុន្មានឆ្នាំមុន ស្រ្តីសង្ស័យរូបនេះធ្លាប់បាន ធ្វើសកម្មភាពលក់ព្រហ្មចារី កូនស្រីបង្កើតខ្លួនឯងម្នាក់ឈ្មោះ សុធា ស្រីនាង អាយុ១៤ឆ្នាំ នៅខេត្តបាត់ដំបង។ ក្រោយលក់ព្រហ្មចារីកូនស្រីបានមួយសប្តាហ៍ ស្រ្តីរូបនេះបាននាំនាងទៅបម្រើបនស្រីមួយកន្លែងទៀត នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយរូបគាត់ជាអ្នកហៅម៉ូយ និងជាអ្នកយកលុយដោយខ្លួនផ្ទាល់ ហើយក្នុង១ថ្ងៃៗ នាងត្រូវកំដរភ្ញៀវចាប់ពី៥ទៅ៦នាក់ ដែលបានចូលរួមភេទជាមួយនាង។ ក្រោយមក នាងបានរត់ចេញពីបន ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
បើតាមលោកស្រីស្នងការរង បានសម្រង់ចម្លើយនារី ជាកូនស្រីដែលរងគ្រោះទាំង៣នាក់នេះ ឲ្យដឹងទៀតថា ដោយសារតែអត់ទ្រាំនឹងការកៀបសង្កត់នេះមិនបាន នារីជាកូនបានរត់គេច ខ្លួនរសាត់អណ្តែតរហូតបានទៅយកប្តីនៅប្រទេសចិន មួយរយៈ។ ក្រោយពីស្រ្តីជាម្តាយ បានដឹងថាកូនស្រីដែលគេចខ្លួន បានទៅយកប្តីនៅប្រទេសចិន ស្រ្តីរូបនេះបានបោកបញ្ឆោត កូនស្រីរបស់ខ្លួនចំនួន២នាក់ទៀត ដោយម្នាក់មានអាយុ២៣ឆ្នាំ និងម្នាក់ទៀតមានអាយុ២០ឆ្នាំ ខណៈនាងនៅជាសិស្សនៅឡើយ ដោយគំរាមឲ្យនាងឈប់រៀន និងបានបញ្ឆោតនាង ក្លែងឯកសាររត់ការ តាមខ្សែបណ្តាញឲ្យនាងទៅយកប្តី នៅប្រទេសចិន ដោយខុសច្បាប់បន្តទៀត។
បើទោះបីជាកូនៗ ដែលបានទៅយកប្តីនៅប្រទេសចិនដោយខុសច្បាប់ និងដោយអត់ទ្រាំនឹងទង្វើធ្វើបាបពីប្តីជនជាតិចិនមិនបាន ពួកគេទាំង២នាក់បានរត់មកស្រុកខ្មែរវិញ តែត្រូវស្រ្តីជាម្តាយរូបនេះបង្ខំ និងបោកបញ្ឆោតយកទៅលក់បន្ត។ រហូតជាលើកចុងក្រោយ ក្រោយពីនគរបាលជំនាញ បានចុះស្រាវជ្រាវលើបណ្តឹងការជួញដូរមនុស្ស និងកន្លែងឯកសារឲ្យទៅយកប្តី នៅក្រៅប្រទេសដោយខុសច្បាប់ ក៏បានឃាត់ខ្លួនស្រ្តីជាមេខ្លោងរូបនេះ មកសាកសួរ ទើបមាននារីធ្លាប់រងគ្រោះទាំង៣នាក់ ដែលជាកូនបង្កើត ស្ម័គ្រចិត្តខ្លួនចូលមកបំភ្លឺជាមួយនគរបាល ដើម្បីបកអក្រាតរឿងម្តាយលក់កូនស្រីនេះ៕