សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគី ជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក
សម្តេចតេជោបន្តថា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាចជួយដល់ប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជាបំពេញនូវកាតព្វកិច្ចរបស់ខ្លួនតាមឆន្ទៈដែលខ្លួនមាន។
នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការជាមួយឯកឧត្តម ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។
នៅក្នុងជំនួបនោះ Francis Gurry បានមានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អនុញ្ញាតឲ្យរូបឯកឧត្តមនិង សហការី បានចូលជួបពិភាក្សាការងារ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំណរគុណជូនចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលកន្លងមកបានចូលរួមចំណែកជួយកសាងសមត្ថភាពនៃការបណ្តុះបណ្តាល ពិសេសបានជួយរៀបចំនូវយុទ្ធសាស្រ្តថ្នាក់ជាតិសម្រាប់កម្មសិទ្ធបញ្ញាដល់កម្ពុជា។ សម្តេចតេជោមានប្រសាសន៍បន្តថា កម្ពុជាគឺជាប្រទេសទី១ ដែលគោរពនូវអ្វីដែលជារបបនៃកម្មសិទ្ធបញ្ញ។ សម្តេចតេជោបន្តថា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាចជួយដល់ប្រទេសកម្ពុជាដើម្បីឲ្យកម្ពុជាបំពេញនូវកាតព្វកិច្ចរបស់ខ្លួនតាមឆន្ទះដែលខ្លួនមាន។ សម្តេចបន្តថាថ្វីត្បិតនាពេលកន្លងមកការងារជាច្រើនមានការរីកចម្រើន ក៏ប៉ុន្តែមានបញ្ហាប្រឈមជាច្រើន ដែលត្រូវតែបន្តដោះស្រាយ តាមរយៈនេះសម្តេចបានស្នើដល់អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ បន្តជួយដល់ប្រទេសកម្ពុជា ពិសេសធ្វើយ៉ាងណាជួយដល់កម្ពុជាបានចូល រួមក្នុងក្របខណ្ឌនៃសន្ធិសញ្ញារបស់អង្គការកម្មសិទ្ធបញ្ញាអន្តរជាតិ។
សម្តេចតេជោបន្តថា កម្ពុជានៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយអង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ ឲ្យកាន់តែស៊ីជំរៅថែមទៀត ហើយអ្វីដែលសម្តេចចង់ឃើញនោះគឺការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ដល់កម្ពុជាឲ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចបានស្នើ ឲ្យអង្គការកម្មសិទ្ធបញ្ញាអន្តរជាតិ ជួយកសាងម៉ាកយីហោនៅកម្ពុជា ដើម្បីធ្វើឲ្យផ្លាកយីហោលើ ផលិតផលផ្សេងៗរបស់កម្ពុជា មានការទទួលស្គាល់ក្នុងក្របខណ្ឌអន្តរជាតិ។
ឯកឧត្តម ហ្រ្វានស៊ីស ហ្គារី មានប្រសាសន៍ថា អង្គការរបស់ឯកឧត្តម ពិតជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជាហើយអ្វីដែលយើងឃើញជាក់ស្តែងគឺយើងពិតជាមានការសប្បាយ
រីករាយ ក្នុងការជួយដល់កម្ពុជាលើការរៀបចំយុទ្ធសាស្រ្តកម្មសិទ្ធបញ្ញាថ្នាក់ជាតិ ដែលបានអនុម័តកាលពីឆ្នាំ២០១៦កន្លងទៅ។ ឯកឧត្តមបន្តថា កម្ពុជាមានសក្តានុពលជាច្រើន ពិសេសនៅពេលនេះម៉ាក យីហោជាច្រើនបានក្លាយនិម្មិតរូបរបស់កម្ពុជា បង្ហាញលើឆាកអន្តរជាតិ។ ឯកឧត្តមបន្តថា អង្គការ របស់ឯកឧត្តម នឹងបន្តជួយកម្ពុជាឲ្យកាន់តែឈានឡើងកាន់តែខ្ពស់ថែមទៀត ពិសេសប្តេជ្ញាចិត្ត គាំទ្រ នូវការលើកឡើងរបស់សម្តេច ក្នុងការជំរុញលើកកម្ពស់ពីកម្មសិទ្ធបញ្ញានោះ៕