ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី យាងជាភ្ញៀវពិសេស ក្នុងពិធីបើកកីឡាអាស៊ី នៅក្រុងហាន់ចូវ-ចិន
ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងជាភ្ញៀវពិសេស នៅក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games)លើកទី១៩ នៅទីក្រុងហាន់ចូវ សាធា រណរដ្ឋប្រជាមានិតចិន កាលពីយប់ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៣យ៉ាងអធិកអធម ដោយប្រតិភូកីឡាកម្ពុជាបានបង្ហាញវត្តមាន ក្នុងពិធីដើរក្បួន ក្នុងចំណោមប្រភូកីឡាចំនួន៤៥ ប្រទេសនៃទ្វីបអាស៊ី។
សម្រាប់កម្មពិធីបើកដ៏ធំនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីសាធារណរដ្ឋប្រជា មានិត.ចិន។ ចំពោះព្រះរាជវត្តមានជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន ម្ចាស់ផ្ទះចិនយាងព្រះអង្គ ជាភ្ញៀវកិត្តិយសពិ សេស។
លោក បណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា និង លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ទទួលបន្ទុកអនុប្រធានប្រតិភូកីឡាកម្ពុជាត្រូវបានផ្តល់កិត្តិយសអង្គុយនៅតំបន់ VIP។
លោក វ៉ាត់ ចំរើន ថ្លែងពីប្រទេសចិនថា ប្រតិភូកីឡាករករកីឡាការិនីកម្ពុជាចូលដង្ហែក្បួនពិធីបើកកីឡាអាសី លើកទី១៩ រួមមាន៖ នាយ បេសសកម្មលោក ញ៉ាណ សុខវិសាល, នាយរងបេសកកម្មម្នាក់, មន្រ្តីរដ្ឋបាល ព័ត៌មាន ពេទ្យ ២០រូប, បាល់បោះ ៦នាក់, បាល់ទះ ១៥នាក់, យូដូម្នាក់, គុនដាវ ៣នាក់ សរុបចំនួន ៤៧នាក់។ អត្តពលិកឆ្នើមកាន់ទង់ជាតិ ២នាក់ គឺកីឡាករ ទេព ឆរ៉ាត ម្ចាស់មេដាយមាស កីឡាបាល់បោះ ស៊ីហ្គេម ២០២៣ និងកីឡាការិនី ហៃ ស្រីស្រស់ កីឡាការិនីឆ្នើមគុនដាវ។
លោក វ៉ាត់ ចំរើន គូសបញ្ជាក់ថា៖ «ហាន់ចូវ គឺជាទីក្រុងវៃឆ្លាត (Smart City) របស់ចិន មានក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ និងប្រើប្រាស់ថាមពលបៃតង ប្រកបដោយភាពវ័យស្លាត ដោយធានាបានបរិស្ថានបៃតង គឺរស់នៅបៃតង អគារបៃតង និងដឹកជញ្ជូនបៃតង។ ហាន់ចូវ ជាទីក្រុងបុរាណ ដែលមានឈ្មោះថា ទីក្រុងនៃកំណាព្យ (Hangzhou living poetry) ដែលស្តេចគ្រប់ជំនាន់របស់ចិនតែងតែមកទីនេះ ដែលជាទឹកដីពិសិដ្ឋ ស័ក្តិសិទ្ធ និងដូនតាខ្លាំងពូកែ។
សូមបញ្ជាក់ថា កាលពីព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០១៨ លើកទី១៨ នៅហ្សាការតា ប្រទេសឥណ្ឌូណេស៊ី គឺកម្ពុជាដណ្តើមបានមេដាយមាស ២ ដោយកីឡាករ សាលី អូមើត កីឡាម៉ូតូទឹក និងកីឡាការិនី ខាន់ ចេសា កីឡាជឺជីតស៊ូ និងមេដាយសំរឹទ្ធ ១ ដោយកីឡាករ សាលី អូមើត លើប្រភេទម៉ូតូទឹកដដែល។ ប៉ុន្តែកីឡាករ កីឡាការិនីឆ្នើមៗទាំងពីរ រូបមិនបានចូលរួមប្រកួតប្រជែងមេដាយ ក្នុងកីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន ឆ្នាំ២០២៣នេះទេ ដោយកីឡាការិនី ខាន់ ចេសា ជាប់ភារកិច្ចផ្ទាល់ខ្លួន ខណៈប្រភេទកីឡាម៉ូតូទឹកមិន ត្រូវបានម្ចាស់ ផ្ទះចិន រៀបចំប្រភេទកីឡានេះទេ។ កីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន នេះត្រូវបានប្រារព្ធជាផ្លូវការពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាន់ចូវ ប្រទេសចិន ដោយមានប្រតិភូ និងអត្តពលិក ៤៥ប្រទេសចូលរួម៕ សំរិត