ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនអ្នកសារព័ត៌មាន ក្លែងខ្លួនជានគរបាល ឆបោកប្រាក់ជនរងគ្រោះជិត២ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌនគរបាល

84

កណ្តាល៖ អ្នកសារព័ត៌មានម្នាក់ដែលក្លែងខ្លួនជានគរបាលជាតិ ដើរឆបោកប្រាក់ ពីជនរងគ្រោះ បំពេញចូលក្របខ័ណ្ឌនគរបាលជាតិ ត្រូវបានលោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ រហូតដល់មានសេចក្តីសម្រេចផ្សេង។

ជនត្រូវចោទមានឈ្មោះ ម៉ាច បញ្ញា បាន ក្លែងឈ្មោះ លឹម សក្ខណា ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្ពានខ្ពស់សង្កាត់គីឡូ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ អ្នកសារពត៌មាន ។ ចំណែកជនរងគ្រោះឈ្មោះ ឱម សុផាត ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិពាមជំនីកឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ នគរបាល។

លោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា កាលពថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩ ជនសង្ស័យ ឈ្មោះ ម៉ាច បញ្ញា បានប្រើក្លែងជាឈ្មោះ លឹម សក្ខណា បានទូរស័ព្ទមកឈ្មោះ ឱម សុផាត សុំឱ្យជួយជំរុញប៉ុស្ដិ៍ឱ្យជួយចុះហត្ថលេខាធ្វើសៀវភៅគ្រួសារសម្រាប់ឱ្យក្មួយ ចូលក្របខ័ណ្ឌនគរបាល ក្រោយបន្តិច ក៏បានសួរនាំឈ្មោះ ឱម សុផាត រឿងកូនចៅមានការងារធ្វើហើយ ឫនៅ​ ។ ឈ្មោះ ឱម សុផាត ឆ្លើយវិញថា មិនទាន់មានទេ ព្រោះប្រឡងបាក់ឌុបធ្លាក់ ហើយឈ្មោះ ម៉ាច បញ្ញា នេះឆ្លើយតបវិញថា មិនអីទេបើចង់ចូល ធ្វើការងារនគរបាលក្របខ័ណ្ឌក្រសួងមហាផ្ទៃ ខ្ញុំអាចជួយកូនបងបាន ព្រោះខ្ញុំជាទីប្រឹក្សារបស់ឯកឧត្តម ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ គេឲ្យអាទិភាពជាង៣០នាក់សម្រាប់បំពេញក្របខ័ណ្ឌ សម្រាប់បង បើចង់ដាក់កូនចូល ខ្ញុំយកតែ ១.៥០០ដុល្លារទេ ហើយបើបងមានបងប្អូនកូនក្មួយណាចង់ចូលក្របខ័ណ្ឌត្រូវចំណាយម្នាក់៣.០០០ដុល្លារ ដោយមិនបាច់ប្រឡង គឺជាប់ដោយស្វ័យប្រវត្តិ។ ក្រោយមកខ្ញុំក៏បានផ្ញើរលុយចំនួន ១.៥០០ដុល្លារ តាមវីងនៅកំពង់ហ្លួង តាមរយៈលេខ ០១៧.៤២៩៣៩៦ សម្រាប់កូនខ្ញុំ។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ខ្ញុំក៏ផ្ញើលុយចំនួន២.៥០០ដុល្លារទៀត តាមរយៈលេខដដែល និងកន្លែងដដែល ជាចំណែករបស់ប្អូនស្រីឈ្មោះ ឱម សុផាត គឺឈ្មោះ យន ថារី សម្រាប់ឲ្យកូនចូលក្របខ័ណ្ឌនគរបាល ហើយនៅថ្ងៃដដែលនោះ ឈ្មោះ ម៉ាច បញ្ញា បានតេមកដោយនិយាយថា អាណិតឈ្មោះ ឱម សុផាត ចង់រាប់អានជាបងប្អូនថា នឹងសន្យាឲ្យឡានកាមរី ឆ្លាមស៊េរី ឆ្នាំ២០០០ មួយគ្រឿងមកឲ្យ តែសុំឲ្យឈ្មោះ ឱម សុផាត ចេញតែថ្លៃសម្បកកង់ និងកាត់ឈ្មោះចំនួន ៥លានរៀល បានហើយ ព្រោះឡានគេឲ្យខ្ញុំដែរ ទើបឈ្មោះឱម សុផាត បានផ្ញើលុយចំនួន ១.២៥០ដុល្លារ តាមរយៈលេខដដែល។

នៅរសៀលថ្ងៃដដែល ឈ្មោះ ឱម សុផាត និងឈ្មោះ សេង គន្ធា បានផ្ញើលុយចំនួន២.៦០០ដុល្លារទៅឲ្យឈ្មោះ ម៉ាច បញ្ញា ដើម្បីឲ្យកូនបានចូលក្របខ័ណ្ឌនគរបាលដែរ។ នៅថ្ងៃទី១៣ ខែឆ្នាំដដែល វេលាម៉ោង៧និង៤០នាទី ឈ្មោះ ឱមសុផាត និងឈ្មោះ ទូច វណ្ណៈ ក៏បានផ្ញើលុយចំនួន៣.១០០ដុល្លារ ទៅឲ្យឈ្មោះ ម៉ាច បញ្ញា ដដែល។ នៅថ្ងៃដដែល ឈ្មោះ ឱម សុផាត និងឈ្មោះ ឌន ណារិន ក៏បានផ្ញើលុយចំនួន២.១០០ដុល្លារ ទៅឲ្យឈ្មោះខាងលើទៀត។ នៅថ្ងៃដដែលនោះ ឈ្មោះ ឱម សុផាត និងឈ្មោះ សេង គន្ធី ក៏បានផ្ញើលុយចំនួន៣.៤០០ដុល្លារ ទៅឲ្យឈ្មោះម៉ាច បញ្ញា និងតាមរយៈលេខដដែលទាំងអស់។
ទើបល្ងាចថ្ងៃខែឆ្នាំដដែល ឈ្មោះ ម៉ាច បញ្ញា បានប្រាប់ឈ្មោះ ឱម សុផាត ប្រមូលអ្នកដែលត្រូវធ្វើការនេះ មកជួបជុំគ្នានៅផ្លូវកែងសំណាក់រូបសេះ ដើម្បីមកប្រកាសបញ្ចូលក្របខ័ណ្ឌក្រសួងមហាផ្ទៃ តែដោយចាំយូរពេកឈ្មោះ ឱម សុផាត ក៏ ទូរស័ព្ទទៅឈ្មោះ ម៉ាច បញ្ញា ទាំង២ប្រព័ន្ធមិនចូល ទើបដឹងថាចាញ់បោកគេ ។ សរុបទឹកលុយទាំងអស់ដែលឈ្មោះ ឱម សុផាត ផ្ញើឲ្យឈ្មោះ ម៉ាច បញ្ញា ចំនួន ១៧.៣៥០ដុល្លារ។ ទើបនៅថ្ងៃទី ១៥ ខែឆ្នាំដដែល ឈ្មោះ ឱម សុផាត បានមកដាក់ពាក្យបណ្តឹង នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

លោកបានឱ្យដឹងទៀតថា បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងរបស់លោក បានសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការសម្របសម្រួល នីតិវិធីសំណាក់ លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន៕ 

អត្ថបទដែលជាប់ទាក់ទង