លោក លី ធុជ ស្នើឱ្យមហាមិត្តចិន បន្ដគាំទ្រ ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ពិសេសពហុការងារពាណិជ្ជ និងសេដ្ឋកិច្ច
ភ្នំពេញ៖ លោក លី ធុជ បានស្នើឱ្យមហាមិត្តចិន បន្ដគាំទ្រ ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ពិសេស ពហុការងារពាណិជ្ជ និងសេដ្ឋកិច្ច ។ លោក ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់
លោក បានស្នើបែបនេះ ខណៈលោកទទួលជួប ពិភាក្សាការងារជាមួយ លោក Hu Kaiqiang អគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសនៃអង្គការ ប្រតិបត្តិការសៀងហៃ។ នាថ្ងៃទី២៦ កញ្ញា ២០២៣ ក្នុងដំណើរទស្សនៈកិច្ច នៅឆុងឈីង,ចិន
ក្នុងនាមរាជរដ្ឋាភិបាល លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសក កម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបពិភាក្សាការងារជាមួយ លោក Hu Kaiqiang អគ្គនាយកកម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ច សម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ (Trade and Econo mic Multifunctional Platform for Shanghai Coope ration Organiz ation_SCO Countries) ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះក៏មានការចូលរួមផងដែរពីតំណាងរដ្ឋាភិបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង។
ក្នុងជំនួបទ្វេភាគី ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី បានអគុណ កម្មវិធីពហុការងារពាណិជ្ជកម្ម និងសេដ្ឋកិច្ចសម្រាប់ប្រទេសនៃអង្គការប្រតិបត្តិការ សៀងហៃ ដែលបានបង្ហាញអំពីទស្សនវិស័យរួម គោលដៅរួម តួនាទី និងសកម្មភាពសំខាន់ៗនានា ក្នុងការចូលរួមលើកកម្ពស់ដល់ការអភិវឌ្ឍ និងការថែរក្សាសន្តិភាពសម្រាប់ប្រទេសក្នុងតំបន់ និងពិភពលោក។ តាមរយៈកម្មវិធីនេះ ប្រទេសចិន ក៏ដូចបណ្តាប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ នឹងក្លាយជាដៃគូមួយយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កិច្ចការអភិវឌ្ឍនៅកម្ពុជា ផងដែរ។
លោក ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងចិន ហើយតាមរយៈទំនាក់ទំនងនេះ និងការបង្កើតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន កម្ពុជា គឺជាប្រទេសមួយដែលបានទទួលផល ប្រយោជន៍យ៉ាងច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកបណ្ឌិត បានសម្តែងនូវអំណរគុណ ជូនមហាមិត្តចិន ដែលតែងតែផ្តល់ការគាំទ្រ និងចូលរួមដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ ហើយកម្ពុជាមានមោទនភាពក្នុងការចូលរួមជាមួយប្រទេសចិនផងដែរ។
ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ជើញលោក Hu Kaiqiang ដឹកនាំគណៈប្រតិភូ និងអ្នកវិនិយោគចិន ក៏ដូចជាបណ្តាប្រទេសនៃអង្គការប្រតិបត្តិការសៀងហៃ មកស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា តាមពេលវេលាសមស្របណាមួយ ៕ សំរិត