លោក លី ធុជ៖ ទីក្រុងឆុងឈីង ប្រទេសចិន គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិជ្ជាជីវៈជាមួយកម្ពុជា
ភ្នំពេញ៖ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិតលី ធុជ ទេស រដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ នាថ្ងៃទី២៧ កញ្ញា ២០២៣
បាន ចូលរួមថ្លែងសុន្ទរកថា ក្នុងវេទិកាចិន(ឆុងឈីង)-អាស៊ាន ស្តីពីការអភិវឌ្ឍគុណភាព និងកិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈ ដែលរៀបចំដោយរដ្ឋាភិបាល ប្រជាជនក្រុងឆុងឈីង និងគណៈ កម្មាធិការ អប់រំ ក្រុងឆុងឈីង-ចិន ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជា មានិត គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោក ទេសរដ្ឋមន្រ្តី បានលើកឡើងថា ការរៀបចំវេទិកាចិន-អាស៊ាននេះ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានវិសាល ភាពទូលំទូលាយជាងមុនរវាងប្រទេសចិន និងអាស៊ានក្នុងវិស័យអប់រំ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលនឹងអាចឈានដល់ ការលើកកម្ពស់ថ្មី ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងទីក្រុងឆុងឈីង។
លោកបណ្ឌិត បានបន្តទៀតថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ចិន និងអាស៊ាន បានរួមដៃគ្នា និងរួមចំណែកដល់ភាពជោគជ័យរបស់គ្នាទៅវិញទៅមក។ ឥឡូវនេះ អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ហើយការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការអប់រំវិជ្ជាជីវៈបានក្លាយជាក្បាលម៉ាស៊ីនដ៏រឹងមាំ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងអាស៊ាន និងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់។ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអប់រំវិជ្ជាជីវៈរវាងចិននិងអាស៊ាន ដែលរួមទាំងកម្ពុជាផងដែរ ប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងមានសាមគ្គីភាព ហើយការវិវត្តន៍ផ្នែកបច្ចេកវិទ្យា និងប្រព័ន្ធអប់រំរបស់ចិន គឺជាគំរូដ៏ល្អប្រសើរមួយសម្រាប់ប្រទេសទូទាំងសាកលលោក។
លោកទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា ក្នុងនាមជាសមាជិកដ៏សំខាន់មួយរបស់អាស៊ាន កម្ពុជា ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន ក្នុងវិស័យអប់រំវិជ្ជាជីវៈ ដោយធ្វើការដាក់ចេញនូវគម្រោងកិច្ចសហប្រតិបត្តិការបណ្តុះ បណ្តាលនិងអប់រំវិជ្ជាជីវៈបន្ថែមទៀត។
លោកបានបន្ដថា៖ទីក្រុងឆុងឈីង គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា ព្រមទាំងបានក្លាយចំណុចចាប់ផ្តើមនៃច្រកពាណិជ្ជកម្មផ្លូវទឹកនិងផ្លូវគោកអន្តរជាតិថ្មីមួយហើយ ថ្មីៗនេះ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងឆុងឈីង ផងដែរ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩ មកដោយមានការគាំទ្រពីកម្មវិធីផ្លូវសូត្រនៃរដ្ឋបាលក្រុងឆុងឈីងសម្រាប់និស្សិតអន្តរជាតិ គណៈកម្មាធិការជាតិអេស្កាប់(NC-ESCAP)នៃប្រទេសកម្ពុជា បានសហការជាមួយ Chongqing Creation Vocational College រៀបចំការបណ្តុះបណ្តាលបានបីដំណាក់កាលជាប់ៗគ្នា ដែលផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកកម្រិតមធ្យម និងជាន់ខ្ពស់ជិត១០០នាក់ ពីកម្ពុជាហើយកម្ពុជា មានឆន្ទៈសហការជាមួយភាគីផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវិស័យអប់រំវិជ្ជាជីវៈក្នុងតំបន់ ៕ សំរិត