អភិបាលខេត្តព្រះសីហនុ ប្រកាសផ្អាកចរាចរណ៍ នៅចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ផ្លូវជាតិលេខ៤ ដោយសារជំនន់ទឹកភ្លៀង
ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ទាំងអស់មេត្តាជ្រាបថា៖ គិតត្រឹមម៉ោង១៨ និង០០នាទីនេះ កម្ពស់ទឹកឡើងដល់០.៥ម៉ែត្រ នៅលើថ្នល់ជាតិ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥ ដល់គីឡូម៉ែត្រលេខ១១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។
ឯកឧត្តមអភិបាលខេត្តបន្តថា ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តសូមធ្វើការផ្អាកចរាចរណ៍ នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន។ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន៕