ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើសុំសមាគមឧស្សាហកម្មទេសចរណ៍ បន្តការជួយគាំទ្រ និងជំរុញវិស័យទេសចរណ៍កម្ពុជាសម្រាប់ អាណត្តិទី៧

44

ភ្នំពេញ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានក្រុមការងារផ្នែកទេសចរណ៍ បានដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារ ជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍តំណាងដោយសមាគមឧស្សាហកម្មទេសចរណ៍ មានជាអាទិ៍ សហព័ន្ធ ទេសចរណ៍ (CTF) សមាគមទេសចរណ៍កម្ពុជា (CATA) សមាគមសណ្ឋាគារកម្ពុជា (CHA) សមាគមភោជនីយដ្ឋាន កម្ពុជា (CRA) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) សមាគមសហព័ន្ធចុងភៅកម្ពុជា(CCS) និង សមាគមស្ប៉ានិងសុខុមាលភាពកម្ពុជា(CSA) ដើម្បីពង្រឹងកិច្ចសហការ និងការចូលរួមក្នុងការជំរុញវិស័យ ទេសចរណ៍កម្ពុជា។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឧកញ៉ា លោកជំទាវ លោក លោកស្រី តំណាងសមាគមឧស្សាហកម្មទេសចរណ៍ និងបានថ្លែងអំណរគុណ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងកន្លងមកក្នុងការគាំទ្រ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ពិសេសបានចូលរួមអនុវត្តនិង គាំទ្រយ៉ាងសកម្មនូវរាល់សកម្មភាពនានារបស់ក្រសួងទេសចរណ៍ ដោយបានចូលរួមជួយវិស័យនេះឱ្យឆ្លងផុត វិបត្តិជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំ ឧកញ៉ា លោកជំទាវ លោក លោកស្រី តំណាងសមាគមឧស្សាហកម្មទេសចរណ៍ បន្តការជួយគាំទ្រ និងជំរុញវិស័យទេសចរណ៍កម្ពុជាសម្រាប់ អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង “រដ្ឋ-ឯកជន”។

នៅក្នុងជំនួបនេះ ឧកញ៉ា លោកជំទាវ លោក លោកស្រីតំណាងសមាគមឧស្សាហកម្មទេសចរណ៍ បាន អបអរសាទរ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍នាពេលថ្មីៗនេះ។ បន្ទាប់មក តំណាងសមាគមឧស្សាហកម្មទេសចរណ៍បានរាយការណ៍ពីសកម្មភាពការងាររបស់សមាគមនីមួយៗ និងបានប្រកាសចូលរួមគាំទ្រសកម្មភាពការងាររបស់ក្រសួងទេសចរណ៍ក្នុងសាមគ្គីភាព និងភាពជាដៃគូជិតស្និទ្ធ។ ក្នុង ន័យនេះ ក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍បានឯកភាពគ្នាដូចខាងក្រោម៖

ជួបប្រជុំពិភាក្សាការងារឱ្យបានទៀងទាត់ ដើម្បីតាមដាន និងចូលរួមដោះស្រាយសំណូមពររបស់ផ្នែក ឯកជនក្នុងវិស័យទេសចរណ៍រៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍ (ក្រុម “ខ”) នៅក្នុងខែតុលា ឆ្នាំ២០២៣ ដើម្បីត្រៀមចូលរួមវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលគ្រោងរៀបចំក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ និងប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានក្រុមការងារទេសចរណ៍ សហការ និងសម្របសម្រួលជាមួយសមាគម ឧស្សាហកម្មទេសចរណ៍ រៀបចំសកម្មភាពការងារប្រចាំឆ្នាំសម្រាប់ក្រុមការងារផ្នែកទេសចរណ៍។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ទាំងអស់ បានសម្តែង នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការជំរុញភាពប្រកួតប្រជែងទេសចរណ៍ ចីរភាពទេសចរណ៍ និងបរិយាបន្នទេសចរណ៍សម្រាប់វិស័យទេសចរណ៍កម្ពុជា និងសម្រេចឱ្យបានចក្ខុវិស័យរបស់ ក្រសួងទេសចរណ៍។ កិច្ចពិភាក្សានេះត្រូវបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

អត្ថបទដែលជាប់ទាក់ទង