ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យ នៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា

37

 

រាជធានីភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia) ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាព មន្ត្រីរាជការនៃ ក.ប.ទ. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រឹះស្ថានអប់រំ និងវិស័យឯកជនជាច្រើនរូប នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ថ្នាលសហគមន៍ឌីជីថលកម្ពុជា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ជាពិសេស ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលបំណងប្រមូលផ្តុំអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា សហគ្រិនឌីជីថល និងអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ព្រមទាំងសិស្ស-និស្សិត ដើម្បីអាចបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរនិងបច្ចេកវិទ្យាឌីជីថល លើកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំរុញការរីកចម្រើន នៃវិស័យឌីជីថល ឈានទៅដល់ការកសាងមូលធនមនុស្សឱ្យក្លាយទៅជាពលរដ្ឋឌីជីថល (Digital Citizen) នៅកម្ពុជា។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ថ្នាលសហគមន៍ឌីជីថលកម្ពុជាគឺពិតជាមានសារៈសំខាន់និងភាពចាំបាច់ ដែលអាចចូលរួមអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលទាំងក្នុងនិងក្រៅប្រទេស ដើម្បីធានាបាននូវភាពជោគជ័យ នៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងការអនុវត្តបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា សហគមន៍ឌីជីថលកម្ពុជានេះ ជាថ្នាលប្រមូលផ្តុំ និងផ្សព្វផ្សាយដល់វិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ និងសាធារណជន ឱ្យយល់ដឹងជ្រួតជ្រាបអំពីវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងផ្តល់អត្ថប្រយោជន៍ដូចជា៖

១. សម្រាប់រាជរដ្ឋាភិបាល៖ កៀរគរអ្នកមានគុណវុឌ្ឍិបច្ចេកវិទ្យាឌីជីថល ឱ្យចូលរួមក្នុងការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត ទំនុកចិត្តប្រជាពលរដ្ឋ និងអាចកំណត់បាននូវតម្រូវការ និងការផ្គត់ផ្គង់កម្លាំងការងារឌីជីថលក្នុងប្រទេស។
២. សម្រាប់វិស័យឯកជន៖ អាចជ្រើសរើសបុគ្គលិកដែលមានចំណេះជំនាញបច្ចេកវិទ្យាឌីជីថលតាមតម្រូវការ។

៣. សម្រាប់គ្រឹះស្ថានអប់រំ៖ ជួយឱ្យសិស្ស-និស្សិតអាចអភិវឌ្ឍចំណេះដឹង បទពិសោធន៍ បង្កើតទំនាក់ទំនង ឱកាសហាត់ការឬចុះកម្មសិក្សា ឱកាសការងារ និងអាចស្វែងរកនិងទទួលបានអាហារូបករណ៍ ពី ក.ប.ទ.។
៤. សម្រាប់អ្នកបច្ចេកវិទ្យាឌីជីថលវ័យក្មេង៖ មានទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យរបស់ខ្លួន ទទួលព័ត៌មានអំពីបច្ចេកវិទ្យាឌីជីថលពី ក.ប.ទ. និងប្រភពផ្សេងៗ ហើយសមាជិកក៏អាចទទួលការបណ្តុះបណ្តាល ពី ក.ប.ទ. ព្រមទាំងទទួលឱកាសអាចស្វែងរកការងារទាំងក្នុងនិងក្រៅប្រទេស។

៥. សម្រាប់ប្រជាពលរដ្ឋ៖ លើកកម្ពស់គុណភាពជីវិត តាមរយៈការរៀនសូត្រ ពង្រីកចំណេះដឹង បទពិសោធ ទំនាក់ទំនងសង្គម និងឱកាសទទួលបានការងារល្អ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សាធារណជនទាំងអស់ មេត្តាចូលរួមប្រើប្រាស់ និងទាញយកប្រយោជន៍ពីថ្នាលសហគមន៍ឌីជីថលកម្ពុជានេះ ឱ្យបានជាអតិបរមា ៕

អត្ថបទដែលជាប់ទាក់ទង