ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ នឹងអនុវត្តគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្ររួម ប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក

45

 

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នឹងអនុវត្តគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្ររួម ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្ដោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥ – Build” និងការងារគាំទ្រអាទិភាពចំនួន ៣ ហៅកាត់ថា “អភិវឌ្ឍ ៣ – 3Ds”។

ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ទេសចរណ៍ និង ការវិនិយោគបៃតង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក្រសួង/ស្ថាប័នពាក់ព័ន្ធ សមាគម សាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងវិស័យឯកជន សរុប ប្រមាណចំនួន ៣២០នាក់។

អង្គពិធីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដែលបានចង្អុលបង្ហាញ និងតម្រង់ ទិសក្នុងការស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព បរិយាប័ន្ន និងមានភាពធន់ អង្គពិធីបានកោតសរសើរដល់ ឯកឧត្តម ហ្សូរ៉ា ប៉ូឡូលីកាហ៊ីលី (Zura Pololikashvill) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) សម្រាប់សារអបអរសាទរជូនចំពោះ សម្តេច ធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលការគាំទ្រពីប្រជាពលរដ្ឋដ៏ច្រើនកុះករ តាមរយៈការបោះឆ្នោតគាំទ នាពេលថ្មីៗកន្លងមកនេះ ក៏ដូចជាការបង្កើតរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការគាំទ្រសហគមន៍អន្តរជាតិលើការដឹកនាំប្រកបដោយ គតិបណ្ឌិត និងប្រាកដនិយមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និតីកាលទី៦ នៃរដ្ឋសភា ក៏ដូចជាការដឹកនាំប្រកបដោយចក្ខុវិស័យ ច្បាស់លាស់ និងវែងឆ្ងាយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ។

អង្គពិធីក៏បានអបអរសាទរនូវការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ អង្គពិធី បានសម្តែងនូវការគោរពដឹង គុណដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន រួមជាមួយឥស្សរជន ជាន់ខ្ពស់ទាំងអស់រាប់ទាំង សម្តេចវិបុលបញ្ញា សុខ អាន ដែលបានលះបង់អស់កំលាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងដំណើរនៃការបង្រួបបង្រួមជាតិ និងកសាងមាតុភូមិកម្ពុជា។

ឯកឧត្តមរដ្ឋមន្តី បានគូសបញ្ជាក់បន្ថែមអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពដ៏ចម្បងក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩
ដូចដែលបានគូសបញ្ជាក់ក្នុងសារលិខិតអបអររបស់សម្ដេចធិបតី។ ក្នុងបរិបទនេះ ដើម្បីអនុវត្តនូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រសួងទេសចរណ៍នឹងអនុវត្តគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្ររួម ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្ដោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥ – Build” និងការងារគាំទ្រអាទិភាពចំនួន ៣ ហៅកាត់ថា “អភិវឌ្ឍ ៣ – 3Ds”។

ឯកឧត្តមរដ្ឋមន្តី មានសុទិដ្ឋិនិយមថា តាមរយៈការរៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ នេះ ភាគីពាក់ព័ន្ធទាំងអស់ នឹងបានជ្រួតជ្រាបកាន់តែច្បាស់អំពីចក្ខុវិស័យ និងនិន្នាការថ្មីៗនៃវិស័យទេសចរណ៍ សកលលោក។ ក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជននិងបណ្ដាដៃគូអភិវឌ្ឍន៍ ប្តេជ្ញាធ្វើ ការរួមគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ទាំងអស់គ្នា ឆ្ពោះទៅរកចក្ខុវិស័យអភិវឌ្ឍជាវិស័យដែលមានភាព ប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕

អត្ថបទដែលជាប់ទាក់ទង