ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ ចេញសេចក្ដីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤

36

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទី ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្ត កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង នឹងផលិតផលិតផលធ្វើ ដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ ទោះបីជាមានកិច្ចប្រជុំសរុបចំនួន ២០លើក ភាគីពាក់ព័ន្ធមិនបានឯកភាព គ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន ២ផ្សេងគ្ន គឺតួលេខ ២០៤ដុល្លារអាម៉េរិក និង២១៣ដុល្លារអាម៉េរិក, តំណាងភាគីនិយោជកបានលើកនូវតួលេខចំនួន ២០២ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត កំណត់យកតួលេខចំនួន ២០២ដុល្លារអាម៉េរិក ជាតួលេខចុងក្រោយ។

យោងតាមមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រតួលេខនីមួយៗ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
តួលេខចំនួន ២០២ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៦ លើ ៥១សំឡេង

តួលេខចំនួន២០៤ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ០ លើ ៥១សំឡេង

តួលេខចំនួន២១៣ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៥ លើ ៥១សំឡេង។

ឈរលើលទ្ធផលនៃការបោះឆ្នោតនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកំណត់តួលេខ ២០២ (ពីររយពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល ពិនិត្យនិងផ្ដល់អនុសាសន៍បន្ត ស្របតាម មាត្រា១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។ ទន្ទឹមនេះ តំណាងភាគីកម្មករនិយោជិត បានគោរពស្នើសុំនូវ សំណូមពរចំនួន ១៥ចំណុច និងតំណាងភាគីនិយោជក បានគោរពស្នើសុំនូវសំណូមពរចំនួន ១ចំណុច ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង