ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក លី ធុជ៖ ប្រាប់អាជ្ញាធរ រាជធានី ខេត្ដ ឱ្យបង្កើនការ ប្រុងប្រយ័ត្នជាងមុន ចំពោះមីននិងសំណល់ជាតិផ្ទុះ ដែលលេចឡើងអំឡុងពេលមេឃភ្លៀង និងក្រោយទឺកជន់លិច

86

ភ្នំពេញ៖ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរ មីនកម្ពុជា ប្រាប់ទៅ ក្រុមប្រតិបត្តិកបោសសម្អាតមីន និងមន្ត្រីតាមរាជធានីខេត្តទាំងអស់ ជួយផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នជាងមុន ចំពោះមីននិងសំណល់ជាតិផ្ទុះ ដែលលេចឡើងអំឡុងពេលមេឃភ្លៀង  និងក្រោយទឺកជន់លិច។
លោកបានចេញសេចក្ដីអំពាវនាវ កាលពីថ្ងៃទី១ តុលា ២០២៣ដោយអំពាវនាវឱ្យ អាជ្ញាធរមូលដ្ឋាន បង្កើនការពន្យល់និងផ្សព្វផ្សាយពីការប្រុងប្រយ័ត្តពីគ្រាប់មិនទាន់ផ្ទុះ គឺដោយសារអាជ្ញាធរមីន បានតាម ដានស្ថានភាពអាកាសធាតុនៅកម្ពុជា ឃើញថា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យខេត្តក្រុងមួយចំនួន មានទឹកជំនន់។ ហេតុនេះ អំឡុងពេលភ្លៀងនិងក្រោយពេលទឹកជន់លិច មីននិងសំណល់ ជាតិផ្ទុះ ដែលសល់ពីសម័យសង្គ្រាម អាចនឹងលេចឡើង ដោយសារទឹកហូរច្រោះដី ឬហូរតាមខ្សែទឹក។
នៅក្នុងសេចក្ដីជូនដំណេង លោក លី ធុជ បានបញ្ជាក់ថា វាអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតពលរដ្ឋជាយថាហេតុ ពិសេសពលរដ្ឋដែលរស់នៅតំបន់រងផលប៉ះពាល់ដោយសារទឹកជំនន់។
អនុប្រធាន ទី ១ អាជ្ញាធរ មីន កម្ពុជា បានចេញសេចក្ដីជូនដំណឹង ឱ្យអាជ្ញាធរតាមមូលដ្ឋានទាំងអស់ ណែនាំឱ្យពលរដ្ឋរាយការណ៍ជាបន្ទាន់នៅពេលប្រទះឃើញមីន និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម។
លោកក៏បញ្ជាឱ្យ មន្ត្រីតាមមូលដ្ឋាន ត្រូវរៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំស្ដីពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេលនិងក្រោយពេលទឹកជំនន់ ដើម្បីជាមធ្យោបាយសម្រាប់អប់រំដល់ប្រជាពលរដ្ឋ។
ទន្ទឹមនេះ អាជ្ញាធរតាមមូលដ្ឋាន ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រមូលគ្រាប់មិនទាន់ផ្ទុះ យកទៅកម្ទេចចោលពេលមានពលរដ្ឋរាយការណ៍។ ក្រៅពីនេះ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់ នៅតាមតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម
ដែលអាចហូរតាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬឆ្លងកាត់ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង