ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងសាធារណការ ណែនាំឲ្យរៀបចំស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និង ជំនន់ទឹកទន្លេមេគង្គ

92

 

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ខែតុលាឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំ ស្តីពី
ការចូលរួមសហការគប់គ្រងគ្រោះមហន្តរាយ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន ត្រូវចូលរួមសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថា្នក់ ដើម្បីធ្វើប្រតិបត្តិការឆ្លើយតបនឹងគ្រោះមហន្តរាយ និងស្តារឡើងវិញ។

ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ស្ថានភាពទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីបរិមាណជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលកម្ពស់ទឹក អាចនឹងហក់ឡើងខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលតម្រូវឱ្យមានវិធានការឆ្លើយតបឱ្យបានហ្មត់ចត់ និងទាន់ពេលវេលា ដើម្បីទប់ទល់ និងគ្រប់គ្រងហានិភ័យផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ។

ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំ ដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត ព្រមទាំងអង្គភាព ពាក់ព័ន្ធ ត្រូវរៀបចំមធ្យោបាយ សម្ភារ និងធនធានមនុស្សឱ្យបានសមស្រប ដើម្បីត្រៀមបង្ការឆ្លើយតបទៅនឹង គ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងត្រូវចូលរួមអនុវត្តយន្តការដូចខាងក្រោម៖

១. ត្រូវចូលរួមផ្សព្វផ្សាយសភាពការណ៍គ្រោះមហន្តរាយនានា និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ពីខ្សែបណ្ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
២. ត្រូវចូលរួមសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថា្នក់ ដើម្បីធ្វើប្រតិបត្តិការឆ្លើយតបនឹងគ្រោះមហន្តរាយ និងស្តារឡើងវិញ។

៣. ត្រូវចាត់កម្លាំងជាបន្ទាន់ចុះជួសជុល និងតភ្ជាប់ផ្លូវថ្នល់-ស្ពាន ក្នុងករណីមានការកាត់ផ្តាច់ ផ្លូវថ្នល់-ស្ពាន (ការកាត់ផ្តាច់ចរាចរណ៍) ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍ និង លើកសំណើសុំគោលការណ៍ធានាចំណាយមកក្រសួងឱ្យបានទាន់ពេលវេលា។
៤. ត្រូវចាត់កម្លាំងដំឡើងផ្លាកសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាសុវត្ថិភាព នៅតាមទីតាំងដែល កំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដល់ អ្នកប្រើប្រាស់ផ្លូវថ្នល់ និងអ្នកដំណើរ។

៥. ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទប់ទល់គ្រោះទឹកជំនន់ ទប់ស្កាត់មធ្យោបាយដឹកជញ្ជូនធុនធ្ងន់ដែលឆ្លងកាត់ទីតាំងកំពុងរងគ្រោះដោយទឹកជំនន់ និងផ្សព្វផ្សាយផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។
៦. ត្រូវសហការប្រើប្រាស់មធ្យោបាយ និងសម្ភារបរិក្ខាររបស់អង្គភាពសាមី ដើម្បីត្រៀមចូលរួម ធ្វើអន្តរាគមន៍រុករក និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។

៧. ត្រូវរៀបចំស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ស្ថិតក្រោមសមត្ថកិច្ចក្រសួង សាធារណការ និងដឹកជញ្ជូន ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និង ជំនន់ទឹកទន្លេមេគង្គ។
៨. ត្រូវចូលរួមកៀរគររកជំនួយផ្នែកមធ្យោបាយ សម្ភារបរិក្ខារ ធនធានមនុស្ស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍នានា អង្គការជាតិនិងអន្តរជាតិ ដែលមានកិច្ចសហការជាមួយក្រសួង សាធារណការ និងដឹកជញ្ជូន។
៩. ត្រូវធ្វើរបាយការណ៍ និងរាយការណ៍អំពីសភាពការណ៍ជាប្រចាំមកក្រសួង ដើម្បីចាត់ វិធានការបន្ទាន់។

ទទួលបានសេចក្ដីណែនាំនេះ សូម ឯកឧត្តម លោក លោកស្រី ជាក្រុមការងារលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង ឯកឧត្តមអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន ឯកឧត្តមប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន- រាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារខាងលើនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង