ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ឈានដល់ការអ៊ុតកៅស៊ូលើកម្រាលស្ពានហើយ
ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន នៅថ្ងៃទី០២ តុលា ឆ្នាំ២០២៣នេះ បានឈានដល់ការអ៊ុតកៅស៊ូលើកម្រាលស្ពានហើយ។ជាគម្រោងនិងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ខាងមុខនេះ ។
តាមហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា៖ នៅថ្ងៃទី០២ តុលាឆ្នាំ២០២៣នេះ ស្ពានកោះពេជ្រ–កោះនរា ឆ្លងកាត់ទន្លេបាសាក់ បានចាប់ផ្តើមអ៊ុតកៅស៊ូលើកម្រាលស្ពានហើយ។
គួររំលឹកថា ៖ លោកឃួង ស្រេង អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ បានអញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាននេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។កាលណោះលោកឃួង ស្រេង មានប្រសាសន៍បញ្ជាក់ថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គ្រោងនិងដាក់ឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ ខាងមុខនេះ។ការដាក់ឲ្យជាប្រើប្រាស់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនិងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេច ជាអធិបតីភាព ក្នុងពិធីដាក់ឲ្យធ្វើរាចរណ៍លើស្ពាននេះជាបណ្តោះអាសន្នអបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ ។
គួរបញ្ជាក់ថា៖ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ស្ពានកោះនរាឆ្ពោះទៅកោះពេជ្រនេះ បានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានត្រូវប្រើពេល៣៥ខែដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំពោះភាពចាំបាច់របស់ស្ពាននេះ អាចជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅឆ្ពោះទៅមជ្ឈមណ្ឌលកោះពេជ្រ ដែលបច្ចុប្បន្នបង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ បើទោះជាសាលារាជធានីភ្នំពេញដាក់សាឡាងសម្រាប់ចម្លងអ្នកដំណើរជាប់ការដ្ឋានស្ពានកោះនរាឆ្ពោះទៅកោះពេជ្ររហូតដល់ទៅ៤គ្រឿងយ៉ាងណាក្តី ក៏នៅតែកកស្ទះដដែល៕