ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯកជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤ បានទទួលមរណភាព

178

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក ជា ម៉ន អគ្គមេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានទទួលមរណភាព កាលពីម៉ោង២១និង០៥នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ។

មន្ត្រីយោធាឱ្យដឹងថា៖បច្ចុប្បន្ន សព ត្រូវបានតំកល់នៅគេហដ្ឋាន របស់ក្រុមគ្រួសារនៃសព ស្ថិតនៅភូមិត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី ។
គួររំលឹកថា ឧត្ដមសេនីយ៍ឯក ជា ម៉ន គឺជាអ្នកតស៊ូ និងជាមេបញ្ជាការ ដ៏អង់អាចក្លាហាន ដែលបានចូលរួមសហការ ប្រយុទ្ធវាយរំដោះ អាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការការពារមិនឲ្យរបបនេះវិលត្រឡប់មកវិញ ហើយតែងតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ផងដែរ។
ក្នុងនាមរដ្ឋបាលក្រុងសៀមរាប និងជាប្រជាពលរដ្ឋទូទាំងក្រុងសៀមរាប យើងខ្ញុំទាំងអស់គ្នាសូម គោរពចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធឯកឧត្ដម សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ វរភាពរបស់ឯកឧត្ដម គឺស្ថិតក្នុងដួងចិត្តរបស់យើងខ្ញុំជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង