ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វាមួយហ្វូងព្រួតគ្នាគប់ដុំថ្មសម្លាប់តាអាយុ៧២ឆ្នាំអោយស្លាប់ភ្លាមៗ គ្រួសារសពដាក់ពាក្យប្តឹងឱ្យប៉ូលិសចាប់ស្វាដាក់គុកទាំងអស់

104

ប្រទេសឥណ្ឌា៖ វាមិនមែនជារឿងអស់ សំណើចទេ តែវាជារឿងពិតជាបង្កការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋឥណ្ឌា ក្រោយពីមានហេតុការដ៏អាក្រក់ ដោយមានសត្វស្វាមួយហ្វូងព្រួតគ្នាគប់ដុំថ្មសម្លាប់តាអាយុ៧២ឆ្នាំអោយស្លាប់ភ្លាមៗ ហើយករណីនេះត្រូវបានគ្រួសារសពដាក់ពាក្យប្តឹងឱ្យប៉ូលិសចាប់ស្វាដាក់គុកទាំងអស់។ជនរងគ្រោះមានអាយុ ៧២ ឆ្នាំ ឈ្មោះ Dharampal Singh ត្រូវបានគេរាយការណ៍ថា កំពុងដើរប្រមូលអុសក្នុងភូមិ Tikri រដ្ឋ Uttar Pradesh កាលពីថ្ងៃទី ១៨ តុលា នៅពេលស្វាមួយក្រុមបានព្រួតគ្នាគប់ដុំថ្ម ដែលយកពីគំនរបែកបាក់អគារក្បែរនោះ។

ក្រោយមកគ្រួសាររបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងជាផ្លូវការ ហើយបានដាក់ឈ្មោះសត្វព្រៃថាជាជនជាប់ចោទទៀតផង។ យ៉ាងណាមិញ អាជ្ញាធរបានទទួលយកករណីឧបទ្ទវហេតុនោះហើយ។

បងប្រុសរបស់ជនរងគ្រោះ Krishnapal Singh និយាយថា “ស្វាបានគប់ដុំឥដ្ឋជាង ២០ ដុំទៅលើ Dharampal កាលពីថ្ងៃព្រហស្បតិ៍។ គាត់ត្រូវបានវាយប្រហារលើក្បាល ទ្រូង និងជើង។ ដោយគប់ដុំថ្មពីកម្ពស់យ៉ាងខ្ពស់ ដុំថ្មទាំងនោះល្មមគ្រប់គ្រាន់ដើម្បីសម្លាប់គាត់។ សត្វស្វាដ៏ខិលទាំងនោះ គឺជាអ្នកទោសយ៉ាងពិតប្រាកដ ហើយត្រូវតែសងមកវិញសម្រាប់ទង្វើរបស់ពួកវា។ យើងបានដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរប្រឆាំងនឹងស្វា ប៉ុន្តែប៉ូលិសហាក់ដូចជាមិនជឿគ្រប់គ្រាន់ ដើម្បីបម្លែងវាទៅជាព័ត៌មានបឋម”។

ព័ត៌មានបឋម គឺជាឯកសារមួយ ដែលប៉ូលិសថតចម្លង ដើម្បីប្រើក្នុងការធ្វើការស៊ើបអង្កេតលើករណីទាំងនោះ។យ៉ាងណាមិញ ប៉ូលិសនៅប៉ុស្ដិ៍ Doghat មិនមានក្ដីរំភើបឡើយក្នុងការយកស្វាមកធ្វើជាអ្នកទោស។

មន្ត្រីប៉ូលិសនៅប៉ុស្ដិ៍ Doghat ឈ្មោះ Chitwan Singh និយាយថា “តើយើងអាចទទួលយកករណីនេះប្រឆាំងនឹងសត្វស្វាដោយរបៀបណា? នេះនឹងធ្វើឱ្យគេសើចយើងចុកពោះជាមិនខាន។ ហើយខ្ញុំមិនគិតថា វាគឺជាតម្រូវការចាំបាច់នោះទេ”។

អ្នកភូមិនៅទីនោះក៏បានចាប់ផ្ដើមមានការព្រួយបារម្ភ ជុំវិញសត្វស្វាបង្កគ្រោះថ្នាក់ដល់មនុស្សក្នុងតំបន់នោះផងដែរ។ អ្នកភូមិម្នាក់និយាយថា “ការវាយប្រហារមកលើ Dharampal គឺជាករណីអាក្រក់បំផុត ហើយសត្វស្វាធ្វើឱ្យជីវិតអ្នកភូមិពិបាករស់នៅ និងគ្មាននរណាមកដោះស្រាយបញ្ហានេះសោះ”៕

អត្ថបទដែលជាប់ទាក់ទង