មន្ត្រីនគរបាលម្នាក់ដកកាំភ្លើងវាយអ្នករត់ម៉ូតូឌុប បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញមុខ មូលហេតុដោយសារតែជិះម៉ូតូប៉ះគ្នាបន្តិចបន្តួច
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ម៉ែន សុផល នាយការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានដកកាំភ្លើងវាយអ្នករត់ម៉ូតូឌុបបែកក្បាល រួចសងសំណងលុយ២០០ដុល្លារដើម្បីបញ្ចប់រឿង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចគ្នាបន្តិចបន្តួចមួយ កាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតផ្សារ ហេង លី ប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ទោះបីយ៉ាងណា ក្រោយកើតហេតុ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងចុះផ្ទាល់នាំខ្លួនជនបង្ក និងជនរងគ្រោះ មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ ។
ជនរងគ្រោះ ឈ្មោះ ហេង ទិត្យ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ចំណែកជនបង្ក ឈ្មោះ ម៉ែន សុផល ឋានន្តរស័ក្តិវរសេនីយ៍ឯក នាយការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អាយុ៥៩ឆ្នាំ កាន់កាប់កាំភ្លើង កា៥៤ ផលិតនៅប្រទេសចិន លេខ៣០២៦ ចេញឱ្យប្រើប្រាស់ដោយនាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ ។
ជនរងគ្រោះ បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា មុនពេលកើតហេតុ បុរសម្នាក់ជាជនបង្កបានជិះម៉ូតូម៉ាក ហុងដា PCX ពណ៌ខ្មៅ មិនចាំផ្លាកលេខ ប៉ះទង្គិចគ្នាជាមួយគាត់ តែមិនព្រមឈប់ដោះស្រាយ ទើបជនរងគ្រោះដេញរហូតដល់ចំណុចកើតហេតុ ហើយទាស់សម្ដីគ្នាយ៉ាងខ្លាំង ។ ក្រោយមកជនបង្កបានដលកាំភ្លើងវាយក្បាលជនរងគ្រោះបណ្តាលឱ្យបែកក្បាលតែម្ដង ។
មួយសន្ទុះក្រោយមក ជនបង្កបានដកលុយចំនួន ២០០ដុល្លារ ឱ្យទៅជនរងគ្រោះ រួចក៏ឡើងម៉ូតូជិះចេញទៅផ្ទះរបស់ខ្លួន នៅត្រង់ចំណុចផ្ទះអត់លេខ ផ្លូវ៣៧១សឡា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ខណៈអ្នកដែលឃើញហេតុការណ៍ បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅធ្វើការឃាត់ខ្លួនជនបង្កដល់ផ្ទះ រួចនាំយកមកសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ៕