នាវាចម្បាំងអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងពីរគ្រឿងតាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃច័ន្ទ ជាប្រតិបត្តិការលើកទីពីរក្នុងឆ្នាំនេះ ខណៈពេលដែលយោធាអាមេរិកបង្កើនបេសកកម្មយ៉ាងទៀងទាត់តាមផ្លូវទឹកយុទ្ធសាស្ត្រនេះ ទោះបីជាមានការជំទាស់ពីប្រទេសចិនក៏ដោយ ។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះប្រតិបត្តិការនេះ និងអាចរក្សាសន្តិសុខ តាមផ្លូវទឹក និងដែនអាកាស នៅពេលមានប្រតិបត្តិរបស់ពួកគេ ។ កាលពីថ្ងៃអង្គារ៍ ស្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានធ្វើសន្និសីទកាសែតជាទៀងទាត់ ដោយប្រាប់ថា ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ ជាខេត្តផ្ដាច់ខ្លួនមួយរបស់ប្រទេសចិន បានបញ្ជាក់រួចហើយពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះសហរដ្ឋអាមេរិក ។ លោកស្រីបានបន្ថែមទៀតថា វិបត្តិកោះតៃវ៉ាន់ បង្កការព្រួយបារម្ភដល់អធិបតេយ្យភាព និងទឹកដីចិន ។ ប្រទេសចិនបានជម្រុញសហរដ្ឋអាមេរិក ឱ្យប្រុងប្រយ័ត្នចំពោះវិបត្តិកោះតៃវ៉ាន់ និងចូលរួមបង្កើនសន្តិភាព និងស្ថេរភាពក្នុងច្រកសមុទ្រតៃវ៉ាន់ ។