ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះទី៥ របស់យុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាល អាណត្តិទី៧

85

 

ភ្នំពេញ ៖ បច្ចេកវិទ្យាឌីជីថល គឺជាអាទិភាពគន្លឹះទី៥ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល បន្ទាប់ពីមនុស្ស ផ្លូវ ទឹក និងភ្លើង។
បរិវត្តកម្មឌីជីថល គឺជាដំណើរការផ្លាស់ប្តូរ ឬបំលែងអ្វីមួយ ផ្សារភ្ជាប់ទៅនឹងដំណើរការរដ្ឋបាលសាធារណៈ និងផ្តល់ចំណេះដឹងដល់មន្ត្រីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់ នៃរដ្ឋបាលរាជធានីភ្នំពេញ ។
នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលបរិវត្តកម្ម ឌីជីថល ក្នុងវិស័យសាធារណៈនៅកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាងរាជរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech, ហ្វីន តិច) និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល ។

លោក កើត ឆែ បានបន្តថា វគ្គបណ្តុះបណ្តាលនេះ សំដៅបង្កើននូវសមត្ថភាព ជំនាញផ្នែកទន់របស់បុគ្គលិក-មន្ត្រីរាជការផង (ការអភិវឌ្ឍមូលធនមនុស្ស) និងប្រែក្លាយរដ្ឋបាលសាធារណៈ ទៅជាអង្គភាពដែលមានសមត្ថភាពខ្ពស់ ខ្លាំង និងវៃឆ្លាត (ការពង្រឹងអភិបាលកិច្ចឌីជីថល) ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។
លោកបញ្ជាក់ថា ទៅថ្ងៃមុខ រដ្ឋបាលរាជធានីភ្នំពេញក៏នឹងត្រូវមានទីចាត់ការ-អង្គភាពបរិវត្តកម្មឌីជីថល ផងដែរ ដើម្បីឆ្លើយតប ទៅនឹងកំណើន និងប្រសិទ្ធភាពការងារ តម្រូវការគ្រប់គ្រងទីក្រុង និងប្រជាជន ស្របតាមការវិវត្តនគរូបនីយកម្ម និង គោលការណ៍ទីក្រុងវៃឆ្លាត (Smart city)។

គួរបញ្ជាក់ថា ៖ វគ្គបណ្តុះបណ្តាលនេះ មានវត្តលោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាគ្រូបង្គោល ព្រមទាំងសហការី និងមានការចូលរួមពីលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាព អភិបាលរងខណ្ឌ តំណាងមន្ទីរ អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ស្មៀន ជំនួយការរដ្ឋបាល សមាជិក សមាជិកាទាំងអស់ ៕

   

អត្ថបទដែលជាប់ទាក់ទង