ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្ដីជំនាញធនធានទឹករាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាព ទឹកស្ទឹងព្រែកត្នោត ដែលកំពុងបន្ដឡើងនៅមូលដ្ឋាន ដង្កោ និងកំបូល

90

ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញបានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ដែលកំពុងបន្តឡើងនៅក្នុងមូលដ្ឋានខណ្ឌកំបូល និងខណ្ឌដង្កោ។

លោក ជិន ប៊ុនធឿន បានថ្លែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣ ក្នុងឱកាស ចុះពិនិត្យស្ថានភាពទឹកស្ទឹងនេះថា  ដោយបានទទួលការណែនាំពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឱ្យក្រុមការងារ បន្ត ចុះពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ហើយនៅពេលនេះ កម្រិត កម្ពស់ ទឹក ស្ទឹងព្រែកត្នោត ស្ថិត ក្រោម ការ តាមដានមើល យ៉ាង យកចិត្តទុកដាក់ ពី អាជ្ញាធរដែនដី និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជាប្រចាំមូលដ្ឋាន ។ លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្តេចតែងតែយកចិត្តទុកដាក់ជានិច្ច ដោយ គិតពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាចម្បង។
ជាមួយគ្នានោះដែរ  នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាសង្កាត់នានាជាប់មាត់ស្ទឹងព្រែកត្នោត ក្នុង ខណ្ឌកំបូល និងខណ្ឌដង្កោ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ និងហានិភ័យ ផ្សេងៗដែលអាចកើតមានក្នុងអំឡុងពេលដែលទឹកកំពុងឡើងនេះ។
ទឹកស្ទឹងព្រែកត្នោត តែងតែមានការឡើងជាប្រចាំ នៅរៀងរាល់រដូវវស្សា ដោយគ្រាន់តែឆ្នាំខ្លះឡើងតិចតួចមិនបង្កផលប៉ះពាល់ តែឆ្នាំខ្លះ ក៏មានការឡើងខ្លាំងបង្កជា ការជន់លិចដល់លំនៅឋានក្នុងភូមិមួយចំនួនរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមមាត់ស្ទឹង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង ទើបធ្វើ ឱ្យស្ថានភាពទឹកស្ទឹងព្រែកត្នោតមានការឡើងខ្លាំងគួរឱ្យព្រួយបារម្ភ។ គិតត្រឹមថ្ងៃទី១៨ ខែតុលានេះ កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោត ផ្នែកខាងមុខបានបន្តឡើងដល់ ៧,៩០ម៉ែត្រ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី ១៧ ខែ តុលា ម្សិលមិញ លោក ជិន ប៊ុនធឿន នាយកសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ស្ថានភាពទឹក ស្ទឹងព្រែកត្នោត ដែលកំពុងបន្តឡើងឥតស្រក នៅក្នុងមូលដ្ឋានខណ្ឌកំបូល និងខណ្ឌដង្កោ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង