រដ្ឋបាលរាជធានីភ្នំពេញ ជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៤៦ ឆ្នាំ ឈានចូល ៤៧ ឆ្នាំ
ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និង ក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គា្ន មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពចូលរួមជូននូវសព្ទ សាធុការពរជ័យចំពោះ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ មង្គលាភិរម្យថ្លៃថ្លា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៤៦ ឆ្នាំ ឈានចូល ៤៧ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ៖ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។
ជាការពិតណាស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាននឹងកំពុងអនុវត្តប្រកបដោយភាពមុតស្រួច នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈកម្មវិធីនយោបាយ អាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ និងវិធានការគន្លឹះទាំង ៥ ចំណុច ដែលនេះ ពិតជាបានបង្ហាញ ឱ្យឃើញកាន់តែច្បាស់ពីសមត្ថភាពដឹកនាំ ទេពកោសល្យ ភាពប៉ិនប្រសប់ និងគតិបណ្ឌិតដឹកនាំ ពោលគឺ ត្រឹមតែរយៈពេល ជិត ២ ខែ សម្ដេចធិបតី សម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សេវាគាំពារ សង្គម វិស័យការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងភាពលេចធ្លោបំផុតរបស់ សម្ដេចធិបតី ក្នុងវេទិកាកម្រិតតំបន់ និងអន្តរជាតិ ដូចអ្វីដែល សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំ (សម្ដេចតេជោ) ទៅទៀត” ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបតនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា៕