លោក ជិន ប៊ុនធឿន ទទួលទេយ្យទានសប្បុរសធម៌ ពីព្រះចៅអធិការវត្តវិមានតេជៈ
ភ្នំពេញ ៖ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង មន្ត្រីប្រតិបត្តិសាខា អញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី សម្តេចព្រះឧត្តម ចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជៈ (វត្តស្រះចក) កាលពីល្ងាចថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៣ នៅវត្តវិមានតេជៈ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា បានមានសង្ឃដីកាថា ដោយបានឃើញ ពីសកម្មភាពមនុស្សធម៌យ៉ាងសកម្មរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេស កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើឱ្យព្រះអង្គសព្វព្រះទ័យ យ៉ាងក្រៃលែង ក្នុងការបន្តគាំទ្រ និងចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ សំដៅជួយសម្រាលនូវ ការលំបាករបស់ប្រជាពលរដ្ឋយើងដែលងាយរងគ្រោះ និងរងគ្រោះដោយប្រការផ្សេងៗ។
ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានថ្លែងថា ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោកបានមាន ប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណ ចំពោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទានជារៀងរាល់ឆ្នាំមិនដែលខកខាន ចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីសាខាកាន់តែ មានលទ្ធភាពបន្ថែមនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។ល។
លោកបានបន្តថា ជាការពិតណាស់វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ ផ្តាច់ពីគ្នាបានឡើយ ជាក់ស្តែងដូចជាទេយ្យទាននេះជាដើម គឺពុទ្ធបរិស័ទបាននាំយក មកប្រគេនព្រះសង្ឃ ហើយពេលព្រះសង្ឃឃើញប្រជាពលរដ្ឋជួបទុក្ខលំបាក ព្រះអង្គ ក៏បានប្រគល់បន្តតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ពួកគាត់ ដែលនេះជា វប្បធម៌នៃការចែករំលែកល្អក្នុងការជួយគ្នាទៅវិញទៅមករបស់ប្រជាជនខ្មែរយើង ។
លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក៏បានសន្យា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឱ្យចំគោលដៅ ដល់ដៃជនរង គ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម។
សូមបញ្ជាក់ថា ទេយ្យទានដែលសាខាបានទទួលរួមមាន៖ អង្ករ២តោន សម្ភារ ប្រើប្រាស់១៥ចានដែក ទឹកដោះគោ២០០កំប៉ុង ស្ករស២០០គីឡូក្រាម មី១៧កេសធំ ត្រីខ ២០០កំប៉ុង ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ទឹកក្រូច៣០កេស និងថវិកាចំនួន៤លានរៀល ៕ សំរិត