ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតមកដល់បច្ចុប្បន្ននេះ ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ ប្រវែង ១ ៧៦១ម៉ែត្រ សម្រេចការសាងសង់បាន ១៧% ហើយ

33

 

ខេត្តក្រចេះ ៖ លោកវ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ នៅព្រឹកថ្ងៃ២០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការសាងសង់ និងការងារដោះស្រាយផលប៉ះពាល់ របស់គណៈកម្មការអន្តរក្រសួង នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ប្រវែង ១ ៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់សរុបប្រវែង ៣១,៦៩គីឡូម៉ែត្រ។

រដ្ឋបាលខេត្តចេះ បានចេញសេចក្តីជូនដំណឹងស្ដីពីការរុះរើបណ្តាញអគ្គីសនី បណ្តាញទឹកស្អាត បណ្តាញខ្សែកាបអុបទិច និងផ្ទាំងប៉ាណូគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងផ្លូវតភ្ជាប់។

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់អង្គភាពអគ្គីសនីក្រចេះ អាជីវករទឹកស្អាត ក្រុមហ៊ុនខ្សែកាបអុបទិច និង ក្រុមហ៊ុនបំពាក់ និងតម្លើងផ្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ជ្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពី ស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ប្រវែង ១,៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៣១,៦៩គីឡូម៉ែត្រ ក្រោម ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងអនុវត្តការងារដោះស្រាយផលប៉ះពាល់ និង ស្ថិតក្នុងដំណាក់កាលពន្លឿនការសាងសង់ នៅតាមដងផ្លូវដូចខាងក្រោម៖
១-ផ្លូវមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ចាប់ពីរង្វង់មូលខ្លាស្ទុះ រហូតដល់រង្វង់មូលព្រាប ស ស្ថិតនៅក្រុងក្រចេះ)។
២-ផ្លូវលេខ ២ (ផ្លូវវត្តប៉ាឆា), ផ្លូវជាតិលេខ៧៣ (ចាប់ពីរង្វង់មូលព្រាបស ដល់ធនាគារអេស៊ីលីដា) និងផ្លូវព្រះ សុរាម្រឹត ផ្លូវមាត់ទន្លេ ចាប់ពីរង្វង់មូលព្រាប ស ដល់ខារ៉ាអូខេដាយមិន) ស្ថិតនៅក្រុងក្រចេះ។
៣- ផ្លូវជាតិលេខ៧៣ (ចាប់ពីចំណុចស្ពានពាមទេ រហូតដល់ទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ស្ថិតនៅស្រុកចិត្របុរី។

ដើម្បីឱ្យការសាងសង់ស្ពាន និងផ្លូវតភ្ជាប់ខាងលើ អនុវត្តបានឆាប់រហ័សតាមផែនការកំណត់ និងការពារសុវត្ថិភាព ដល់ក្រុមការងារសាងសង់ និងប្រជាពលរដ្ឋ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ រដ្ឋបាលខេត្ត ក្រចេះ សូមស្នើអង្គភាពអគ្គីសនីក្រចេះ អាជីវករទឹកស្អាត ក្រុមហ៊ុនខ្សែកាបអុបទិច និងក្រុមហ៊ុនបំពាក់ និងតម្លើងផ្លាក ផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ការសាងសង់ផ្លូវខាងលើ ត្រូវសហការជាមួយក្រុមហ៊ុនសាងសង់ស្ថាន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ដោយធ្វើការរុះរើ រំកិលបណ្ដាញចេញផុតពីការដ្ឋាន និងតាមដងផ្លូវដែលពាក់ព័ន្ធចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។ ផុតកាលបរិច្ឆេទកំណត់នេះ ករណី ពុំបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្រុមការងារខេត្តនឹងចុះអនុវត្តដោយពុំទទួលខុសត្រូវលើការខូចខាតនោះឡើយ។ ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា អង្គភាពអគ្គីសនីក្រចេះ អាជីវករទឹកស្អាត ក្រុមហ៊ុនខ្សែកាបអុបទិច និងក្រុមហ៊ុនបំពាក់ និងតម្លើងផ្លាកប៉ាណូផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ការសាងសង់ផ្លូវខាងលើ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីយោគយល់ និងអធ្យាស្រ័យខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង