ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធ ការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាព បង់ថ្លៃសេវាឡើយ

33

 

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ៦ ចំណុច ជូនថ្នាក់ដឹកនាំ និង មន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសុខាភិបាលនៅកម្ពុជា។ ក្នុងនោះ សម្តេចបានគូសបញ្ជាក់ថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធ ការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវាឡើយ។ សម្តេចធិបតី បានលើកឡើងប្រាប់ប្រជាពលរដ្ឋទៀតថា កុំខ្លាចមកទទួលសេវា ពេទ្យធំខ្នាតអន្តរជាតិ គឺសម្រាប់ពលរដ្ឋទាំងអស់។

អនុសាសន៍ទាំង ៦ ចំណុចរួមមាន៖

ទី១. ក្រសួងសុខាភិបាល ត្រូវគិតគូរ និងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេស ពង្រឹងមន្ទីរពេទ្យខេត្តឱ្យក្លាយជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់ សមមូលនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ក្នុងការពិនិត្យ, ការព្យាបាលជំងឺ និងការផ្តល់សេវាសុខាភិបាលនានា សំដៅបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលផង និងកាត់បន្ថយចំណាយក្នុងការធ្វើដំណើរមកទទួលសេវារបស់ប្រជាជនផង។

ទី២. ខ្ញុំសូមលើកទឹកចិត្ត ឱ្យបន្តលើកកម្ពស់ និងពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេសត្រូវធានាឱ្យបានថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវាឡើយ។

ទី៣. ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ក៏ដូចជាការពង្រឹងការបណ្តុះបណ្តាលជំនាញ ទាំងផ្នែកសុខាភិបាល និង ជំនាញទន់។ ខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល, វេជ្ជបណ្ឌិត, គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ សូមបង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិភាវូបនីយកម្មលើការសង្គ្រោះជីវិតមនុស្សលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព, ព្រោះថា អាជីពជាចម្បងរបស់អ្នកទាំងអស់គ្នា គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាល ប្រកបដោយទឹកចិត្តបរិសុទ្ធ, គោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល ដូចសមាជិកក្រុមគ្រួសាររបស់ខ្លួន។

ទី៤. ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងពាណិជ្ជកម្ម, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ ឬរឹតបន្តឹងការផលិត, ការកែច្នៃ, ឬ ការនាំចូលម្ហូបអាហារ និងគ្រឿងបរិភោគ ដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពប្រជាជន។ យន្តការអន្តរក្រសួងនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ និងគ្រឿងបរិភោគដែលមានផលប៉ះពាល់អវិជ្ជមានទាំងនេះ ព្រោះយើងមិនចង់ឃើញ សុខភាពដ៏មានតម្លៃរបស់ប្រជាជនយើង ត្រូវបានបំផ្លាញ ដោយសារតែម្ហូបអាហារ និងគ្រឿងបរិភោគទាំងនេះនោះទេ។

ទី៥. ក្រសួងសុខាភិបាល ត្រូវសហការជាមួយជាមួយក្រសួងប្រៃសណីយ៍ និងទូរគម-នាគមន៍ ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពន្លឿនការប្រើប្រាស់ប្រព័ន្ធ ឌីជីថល ក្នុងវិស័យសុខាភិបាលទាំងមូល ជាពិសេស គ្រប់មន្ទីរពេទ្យ, ទាំងថ្នាក់ជាតិ និង ក្រោម-ជាតិ ព្រមទាំងជំរុញការបណ្តុះបណ្តាលឱ្យវេជ្ជបណ្ឌិត, គ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលបានទូលំទូលាយ។

ទី៦. ក្រៅពីចំណុចទាំង៥ ខាងលើ, ខ្ញុំសូមស្នើដល់ក្រសួងសុខាភិបាល ក្នុងនាមជាលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យសុខាភិបាលសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពន្លឿនការដាក់ចេញ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា»។ ផែនទីបង្ហាញផ្លូវនេះ ចាំបាច់បំផុត ត្រូវមានសង្គតិភាពជាមួយក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តដទៃទៀត, ជាពិសេស យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបបានដាក់ចេញ ហើយអាទិភាពចម្បងបំផុត ត្រូវផ្តល់ទៅលើការសម្រួលការលំបាករបស់ប្រជាជន ខណៈដែលពួកគាត់ទទួលបាននូវសេវាសុខាភិបាលមួយ ប្រកបដោយគុណភាព។

នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ , សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា «…បើវិស័យអប់រំ គឺយើងពង្រឹងពីថ្នាក់បឋម ដល់ថ្នាក់ទី១២ ចំណែកវិស័យសុខាភិបាលក៏ត្រូវឆ្ពោះទៅថ្នាក់មូលដ្ឋានដែរ គឺពង្រឹងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ជាមួយមន្ទីរពេទ្យតាមខេត្ត។ តាំងពីរាជរដ្ឋាភិបាលថ្មីបង្កើតមក ខ្ញុំបានឱ្យឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះមើល ហើយគាត់បានចុះច្រើនខេត្ត គាត់ចុះស្ងាត់ៗ ពេលខ្លះគាត់ចុះតាមមណ្ឌលសុខភាពម៉ោង៨យប់ ទៅឆែកមើល សួរនាំផ្ទាល់តែម្ដង ដើម្បីដឹងថាបងប្អូនមានតម្រូវការអ្វី? ទឹកចិត្តយ៉ាងម៉េច? អ្វីដែលយើងទទួលបាន ខ្ញុំមានមោទនភាព។ ពិតណាស់ យើងនៅមានកង្វះខាតច្រើន ប៉ុន្តែយើងបានពង្រាយច្រើន ហើយរាប់ឆ្នាំនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ កសាងនិងជំរុញសេវាសុខាភិបាលទៅមូលដ្ឋានដែរ។ ចំណុចខ្វះខាតយើងប្រឹងបំពេញបន្ថែម។ ដូច្នេះហើយបានជានៅអាណត្តិនេះ យើងដាក់ចេញការពង្រឹងសមត្ថភាពផ្ដល់សេវាសុខាភិបាលបឋម នៅមូលដ្ឋាន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក…»។

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា សម្តេចចង់តែឃើញពលរដ្ឋសុខភាពល្អ ប៉ុន្តែបើពលរដ្ឋត្រូវការប្រើប្រាស់សេវា ពួកគាត់អាចទៅកាន់មន្ទីរពេទ្យតេជោសន្តិភាព។ សម្តេចធិបតី៖ «បើត្រូវការ មកប្រើប្រាស់សេវានៅទីនេះ កុំខ្លាច គឺធ្វើសម្រាប់បងប្អូនហើយ ពេទ្យធំខ្នាតអន្តរជាតិ មិនមែនធ្វើឱ្យអ្នកណាទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលនឹងទទួលផល»។ សម្ដេចធិបតី ជូនពរពលរដ្ឋសុខភាពល្អ តែបើមានបញ្ហាសុខភាព សូមកុំរារែកនឹងមកព្យាបាលនៅមន្ទីរពេទ្យធំ ខ្នាតអន្តរជាតិ របស់រដ្ឋ ដែលសម្ពោធនៅថ្ងៃនេះ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» គឺជាការអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី១ នៃគោលនយោបាយជាអាទិភាពទាំង ៦ របស់រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ពោលគឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»៕

អត្ថបទដែលជាប់ទាក់ទង