បើកវគ្គបំប៉នជំនាញ ស្តីពីការស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងសម្អាតប្រាក់, នីតិវិធី និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន
រាជធានីភ្នំពេញ ៖ នៅព្រឹកទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធី បើកវគ្គបំប៉នជំនាញ ស្តីពីការស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងសម្អាតប្រាក់, នីតិវិធី និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតីកងកម្លាំងជួរមុខ ,ការបំប៉នជំនាញ វិជ្ជាជីវៈ, ការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន តាមរយៈការបើកវគ្គបណ្តុះបណ្តាល គឺជាការចាំបាច់បំផុត និងដោយអនុវត្តតាមផែនការដែលបានគ្រោងទុកអោយស្របទៅនិងផែនការយុទ្ធសាស្ត្រ របស់អគ្គស្នងការនគរបាលជាតិ សម្រាប់ឆ្នាំ២០២៣ ទើបមានវគ្គបំប៉នជំនាញ ស្តីពីការស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងសម្អាតប្រាក់,
នីតិវិធី និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននេះឡើង ដូច្នេះសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្ចង់ស្មារតីត្រងត្រាប់ស្តាប់គ្រូឧទ្ទេស ត្រូវក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ទាំងនេះឲ្យបានគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមនាយកមន្ទីរប្រឆាំងគ្រឿងញៀន មានប្រសាសន៍ទៀតថា គ្រឿងញៀនជាបញ្ហាប្រឈមនៅទូទាំងពិភពលោក ដែលកំពុងគម្រាមកំហែង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សុខមាលភាព សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ដោយឡែកប្រទេសកម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសលើសកលលោក ដែលពួកឧក្រិដ្ឋជន តែងតែចរាចរគ្រឿងញៀនឆ្លងកាត់ ថ្មីៗនេះពួកឧក្រិដ្ឋជន បានប៉ុនប៉ងយកប្រទេសកម្ពុជា ជាកន្លែងកែច្នៃផលិតសារធាតុញៀន(កេតាមីន) និងបានបង្កឱ្យមានការរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ដូច្នេះប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាគ្រឿងញៀនគួរឱ្យកត់សំគាល់ ដោយសារមានការកែច្នៃផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនកើនឡើង រាជរដ្ឋាភិបាលនីតិកាលទី០៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខបានប្តេជ្ញាចិត្ត និងបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិ៍ភាព៕