ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបង្ហាញការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសត្វផ្សោតទន្លេមេគង្គ លើឆាកអន្តរជាតិតាមរយៈសិល្បៈ និងវិទ្យាសាស្រ្ត

33

 

ភ្នំពេញ ៖ វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញអំពីមោទកភាពនៃវត្តមានសត្វផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំអន្តរជាតិស្តីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេស កូឡុំបី កាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។ ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្ត្រ និងការប្តេជ្ញាចិត្តក្នុងការអភិរក្ស សត្វផ្សោតទឹកសាបក្នុងប្រទេសផង។

លោកជំទាវ អឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ “នៅក្នុងការចូលរួមប្រជុំនៅប្រទេសកូឡុំប៊ីនាឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពលនៃធនធានជលផល និង ការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ខ្លួនក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតម្លៃឥតគណនា។ រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុក ដាក់ដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ្រ និងជម្រុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្ត្រ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា រួមគ្នាដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ។”

អ្នកនាង មាស សុខសោភា តារាចម្រៀង ដែលមានអ្នកគាំទ្រជាង៥លាននាក់ក្នុងបណ្ដាញហ្វេសប៊ុក បានលើកឡើងថា៖ “ខ្ញុំមានមោទកភាពណាស់ដែលបានច្រៀង និងបង្ហាញពីសម្បត្តិធម្មជាតិរបស់កម្ពុជាទៅអន្តរជាតិ ជាពិសេសសអំពីសត្វផ្សោត ទន្លេមេគង្គដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិត។ នេះគឺជាមោទកភាពមួយយ៉ាងធំធេង ដែលយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាការពារ និងគាំទ្រការអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានធម្មជាតិ និងទាក់ទាញភ្ញៀវ ទេសចរមកកម្ពុជាកាន់តែច្រើនឡើង។”

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កំររស់ នៅក្នុងទន្លេ (មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែល នៅសេសសល់វត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវាក្នុង ការប្រជុំនៅប្រទេសកូឡុំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ។

លោកសេង ទៀក នាយកអង្គការWWF បានមានប្រសាសន៍ថា៖ “ការចូលរួមពីគ្រប់ភាគីទាំងអស់គឺពិតជាមានសារៈសំខាន់ ណាស់ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ តួយ៉ាងនៅក្នុងការប្រជុំអន្តរជាតិនេះ មានការប្តេជ្ញារួមគ្នាការពារ សត្វផ្សោតទឹកសាបក្នុងពិភពលោក។ កម្ពុជាបានកៀរគរការចូលរួមពីអ្នកមានប្រជាប្រិយភាពក្នុងសង្គមដូចជាអ្នកនាងសោភា
អ្នកបច្ចេកទេសវិទ្យាសាស្ត្រពីរាជរដ្ឋាភិបាលដោយធ្វើការក្នុងភាពជាដៃគូយ៉ាងល្អជាមួយអង្គការWWF បង្ហាញពីសុឆន្ទៈរួម
ដ៏សំខាន់ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់ការរស់រាននៃសត្វផ្សោតទន្លេមេគង្គ។”

ក្រៅពីវីដេអូចម្រៀងអំពីសត្វផ្សោតដើម្បីផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងអំពីសារៈសំខាន់នៃការអភិរក្សសត្វផ្សោតនិងប្រភេទសត្វវារីសាស្ត ផ្សេងទៀតនៅទន្លេមេគង្គដល់សាធារណៈជន អង្គការ WWF សហការជាមួយវិទ្យាស្ថានភាសាបារាំង និងមានការគាំទ្រពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងរដ្ឋបាលជលផល បានដាក់ដំណើរ «ពិព័រណ៍រូបថតសត្វផ្សោតទន្លេមេគង្គ» រយៈពេលមួយខែពេញ(ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ តទៅ) នៅវិទ្យាស្ថានភាសាបារាំង។ ការចូលរួមទស្សនាគឺឥតបង់ថ្លៃឡើយ។

សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) ជាសត្វផ្សោត ១ ប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាប តែ៦ប្រភេទគត់ដែលមានរស់នៅក្នុងភពផែនដីយើងនេះ។ សត្វផ្សោតប្រភេទនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមជា «ប្រភេទសត្វសត្វ ជិតផុតពូជ» ដោយអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN)។ បច្ចុប្បន្ន សត្វផ្សោតទន្លេមេគង្គ មានវត្តមាននៅអាស៊ី ខាងត្បូង និងអាស៊ីអាគ្នេយ៍ ក្នុងប្រព័ន្ធទន្លេចំនួន៣ ប៉ុណ្ណោះ រួមមាន ទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉ៃយ៉ារវ៉ាឌី (ប្រទេសមីយ៉ាន់មា) និងទន្លេមហាកាម (ឥណ្ឌូនេស៊ី)។
ផ្សោតទន្លេមេគង្គ ជានិមិត្តរូបដ៏អស្ចារ្យមួយរបស់ទន្លេមេគង្គ។ កាលពីអតីតកាល គេប្រទះឃើញមានវត្តមានពួកវា
រស់នៅតាមដងទន្លេចាប់ ពីព្រំដែនកម្ពុជា-ឡាវ ចុះតាមទន្លេមេគង្គរហូតដល់តំបន់ដីសណ្ដក្នុងប្រទេសវៀតណាម និងទន្លេសាបផងដែរ។
ផ្អែកតាមទិន្នន័យឆ្នាំ២០២០ អ្នកវិទ្យាសាស្រ្ដបានប៉ាន់ប្រមាណថា សត្វផ្សោតទន្លេមេគង្គដែលធំពេញវ័យមានចំនួនប្រមាណ ៨៩ក្បាល តែប៉ុណ្ណោះ ដែលកំពុងរស់នៅ តាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា។ នៅរដូវប្រាំងចាប់ពីខែមករា ដល់ខែឧសភា ក្នុងកំឡុងពេលទឹកស្រក សត្វផ្សោតប្រមូលផ្តុំគ្នា នៅក្នុង អន្លង់ទឹកជ្រៅចំនួន៨កន្លែងតាមដងទន្លេមេគង្គ ដែលមានចម្ងាយប្រមាណ១៨០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ខេត្ត ស្ទឹងត្រែង។
ការការពារសត្វផ្សោតទន្លេមេគង្គ គឺជាសកម្មភាពដ៏ឧត្តមដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើន រាប់បញ្ជូលទាំងផលប្រយោជន៍ខាងកា រអភិវឌ្ឍសេដ្ឋកិច្ច ការគ្រប់គ្រង និងការស្តារប្រព័ន្ធជីវចម្រុះ ដែលអាចជួយបង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ យើងគ្រប់ៗគ្នា ចាំបាច់សហការគ្នាដើម្បីចាត់វិធានការបន្ថែម បញ្ឈប់ការដាក់មងក្នុងអន្លង់ផ្សោត និងការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់។
វិធានការអភិរក្សដ៏តឹងរឹងនិងម៉ឺងមាត់មួយ គឺចាំបាច់ត្រូវប្រកាន់យកដើម្បីគ្រប់គ្រងសត្វផ្សោតទន្លេ និងការពារទីជម្រករបស់ពួកវាឱ្យ បាន គង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ទីជម្រកសត្វផ្សោត ក៏ជាទីជម្រកត្រីមេពូជនិងធនធានវារីសត្វជាច្រើនប្រភេទផ្សេងទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង