លោកជំទាវ តឹករ៉េត កំរង ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងហុងគ្រី
(ភ្នំពេញ)៖ ពាណិជ្ជកម្មរវាងកម្ពុជា-ហុងគ្រីសម្រេចបានទំហំប្រមាណ ៦,៥៨ លានដុល្លារអាម៉េរិកក្នុង រយៈពេល៩ខែ នៃឆ្នាំ២០២៣ កើនឡើង១០.២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើងជាដើម រីឯទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ ផលិតផលឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ប្រដារក្មេងលេង ផលិតផលធ្វើពីទឹកដោះ និងគីមីសរីរាង្គជាដើម។
នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងហុងគ្រី (Cambodian-Hungarian Joint Committee on Economic Cooperation or JCEC) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៦០ រូប។
ថ្លែងក្នុងសុន្ទរកថាបើក លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអង្គប្រជុំអំពីសាវតានៃការបង្កើតគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ គណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី បានរៀបចំកិច្ចប្រជុំលើកទី១ តាមប្រព័ន្ធវីដេអូ ប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២១ ហើយភាគីទាំងពីរបានប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន ៩ រួមមាន៖ (១)ពាណិជ្ជកម្ម និងសេដ្ឋកិច្ច (២)គម្រោងឥណទាន (Tied Aid Credit) (៣)កសិកម្ម សេដ្ឋកិច្ចចំណីអាហារ សុវត្ថិភាពចំណីអាហារ រុក្ខាប្រមាញ់ និងជលផល (៤)ការគ្រប់គ្រងទឹក (៥)វិស័យអប់រំ យុវជននិងកីឡា (៦)វប្បធម៌ (៧)ទេសចរណ៍ (៨)ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង (៩)អាកាសចរស៊ីវិល។
ក្នុងដំណើរការនៃកិច្ចប្រជុំ តំណាងថ្នាក់ដឹកនាំពីបណ្ដាក្រសួង-ស្ថាប័ន ក៏បានចែករំលែកលើវឌ្ឍនភាពការងារ និង បញ្ហាប្រឈមក្នុងការអនុវត្តផែនការសកម្មភាពដែលបានដាក់ចេញតាមវិស័យនីមួយៗ និងបានពិភាក្សាអំពីផែនការអាទិភាពសំខាន់ៗ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងហុងគ្រី នាពេលឆាប់ៗខាងមុខ។
ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន និងលើកទឹកចិត្តឱ្យក្រុមការងារអន្តរក្រសួង-ស្ថាប័ន បន្តពង្រឹងប្រសិទ្ធភាពការងារ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការទាញយក អត្ថប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជានិងហុងគ្រីនេះ។
គួរបញ្ជាក់ផងដែរថា៖ ពាណិជ្ជកម្មរវាងកម្ពុជា-ហុងគ្រីសម្រេចបានទំហំប្រមាណ ៦,៥៨ លានដុល្លារអាម៉េរិកក្នុង រយៈពេល៩ខែ នៃឆ្នាំ២០២៣ កើនឡើង១០.២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើងជាដើម រីឯទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ ផលិតផលឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ប្រដារក្មេងលេង ផលិតផលធ្វើពីទឹកដោះ និងគីមីសរីរាង្គជាដើម៕