ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តី លី ធុជ៖ ជំរុញឱ្យទូតកាណាដា ជួយដល់បណ្តាប្រទេស មិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្លាយជារដ្ឋភាគីពេញសិទ្ធិ ដើម្បីរួមគ្នាឆ្ពោះទៅរកពិភពលោកមួយគ្មានមីន

33

 

 

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ ទេស រដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានជំរុញឱ្យទូតកាណាដា ជួយដល់បណ្តាប្រទេស ដែល មិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្លាយជារដ្ឋភាគីពេញសិទ្ធិ ដើម្បីរួមគ្នាឆ្ពោះទៅរកពិភពលោកមួយគ្មានមីន។

ទេសរដ្ឋមន្ដ្រី លី ធុជ បានជំរុញបែប នេះ ក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសកាណាដាប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នៅរសៀលថ្ងៃអង្គារ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ត្រូវនិងថ្ងៃទី ២៤ តុលា ឆ្នាំ២០២៣ នៅស្នាក់ការអាជ្ញាធរមីន ។
លោក ទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះការគាំទ្ររបស់ប្រទេសកាណាដាក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងនោះរួមមានការគាំទ្រដល់ការសិក្សាស្រាវជ្រាវទិន្នន័យចម្ការមីន ជាដើម។

លោក បានបន្តទៀតថា រយៈពេលជាង ៣០ឆ្នាំ នៃសកម្មភាពមីន កម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ព្រមទាំងទទួលបាននូវបទពិសោធន៍គ្រប់គ្រាន់ក្នុងការចូលរួមចែករំលែកជំនាញ និងចំណេះ ដឹងរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ដែលទទួលរងគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ដូចកម្ពុជាដែរ។ ជាមួយនឹងបទពិសោធន៍ទាំងនេះ កម្ពុជាធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ ឬសិក្ខាសាលា ឬសន្និសីទជាច្រើនទាំងថ្នាក់តំបន់ និងសកលលោក ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ជាដើម។
ក្នុងនាមជាប្រធានជ្រើសតាំងនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកគ្មានមីនសម្រាប់ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសកាណាដាជួយគាំទ្រដល់កិច្ចដំណើរការនៃការរៀបចំ និងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលនេះក្នុងក្របខណ្ឌនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលមានប្រទេសប្រមាណជា ២០០ ចូលរួម។

តំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ទេសរដ្ឋមន្រ្តី បានអញ្ជើញលោកស្រី Ping M. Kitnikone ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសកាណាដាប្រចាំកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូល នេះនៅឆ្នាំក្រោយ ព្រមទាំងចូលរួមជំរុញឱ្យបណ្តាប្រទេសដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្លាយជារដ្ឋភាគីពេញសិទ្ធិ ដើម្បីរួមគ្នាឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង