ក្រុមហ៊ុនធំៗ របស់សហភាពអឺរ៉ុប មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគ ដែលមានស្រាប់ នៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន កោតសរសើរចំពោះដំណើរការដោយរលូននៃការបង្កើតរាជរដ្ឋាភិបាល អាណតិ្តទី៧ និងបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត។
នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងគណៈប្រតិភូ ព្រមទាំងឯកឧត្តម IGOR Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា និងបានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបើកចំហស្វាគមន៍រាល់ការវិនិយោគនៅកម្ពុជា របស់បណ្តាក្រុមហ៊ុននានាលើសកលលោក រួមទាំងសហភាពអឺរ៉ុប តាមរយៈការប្តេជ្ញាដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ដើម្បីបង្កើតភាពទាក់ទាញ ។ ក្នុងន័យនេះ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងនាមជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតនូវយន្តការភ្ជាប់ទំនាក់ទំនងជាប្រចាំ ដើម្បីរាជរដ្ឋាភិបាលអាចផ្តល់នូវការគាំទ្រជ្រោមជ្រែងតាមគ្រប់លទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនទទួលបានជោគជ័យ ពីព្រោះជោគជ័យរបស់ក្រុមហ៊ុន-សហគ្រាសឯកជន បានផ្តល់នូវឱកាសការងារសម្រាប់ប្រជាជនកម្ពុជា ហើយនេះ ក៏អាចនិយាយបានថា គឺជាជោគជ័យរបស់ប្រទេសកម្ពុជាទាំងមូល ។
ក្នុងឱកាសនៃជំនួបនេះ លោក JENS RUEBBERT បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចំនួន ២៥ រូប ក្នុងចំណោម ៧៥ រូប ជាតំណាងក្រុមហ៊ុនធំៗក្នុងវិស័យភេសជ្ជៈនិងអាហារ, សវនកម្ម, ថាមពល, ឱសថ, ដឹកជញ្ជូន, និងថ្នាំជក់ ។ល។ នៅក្នុងទ្វីបអឺរ៉ុប បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមជាមួយនឹងការអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនេះ លោកប្រធាន EU-ABC បានសម្តែងនូវការកោតសរសើរចំពោះដំណើរការដោយរលូននៃការបង្កើតរាជរដ្ឋាភិបាល អាណតិ្តទី៧ នេះ និងក៏បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត ។
ដោយឡែក ក្នុងឱកាសនៃកិច្ចពិភាក្សានោះផងដែរ សម្តេចធិបតី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនធំៗចំនួន ៨ ជាអាទិ៍៖ ក្រុមហ៊ុន Heineken, KPMG, Shell, Zuelling Pharma, Danone, DHL, JTI, និង Airbus ធ្វើការលើកឡើងអំពីកង្វល់ និងសំណួរនានាពាក់ព័ន្ធទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយក្នុងនោះ សម្តេចធិបតី បានធ្វើការឆ្លើយតប និងផ្តល់អនុសាសន៍ដ៏ល្អជាក់ស្តែងជាច្រើន សម្រាប់ជាការតម្រង់ទិសបន្តទៅមុខ ស្របទៅតាមទិសដៅដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕