ចាប់ខ្លួនជនដៃដល់ម្នាក់កាប់ជនរងគ្រោះប្លន់យកម៉ូតូមួយគ្រឿង
ភ្នំពេញ ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះ នគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ស្វាយរលំ ខេត្តកណ្តាល ស្រាវជ្រាវតាមចាប់ជនដៃដល់ម្នាក់ ដែលប្រើកាំបិតបុ័ងតោកាប់យកម៉ូតូ នៅម៉ោង៣ទៀបភ្លឺ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ០៥ ផ្លូវលេខ៧ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
លោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានអោយដឹងថា ជនសង្ស័យឈ្មោះ ប៊ិន វីរៈ ភេទ ប្រុស អាយុ ១៦ឆ្នាំ ទីលំនៅផ្ទះលេខ៤៣ ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
ចំណែកជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិថៃ ទីលំនៅចំណុចកើតហេតុខាងលើ មុខរបរចុងភៅភោជនីយដ្ឋានទន្លេបាសាក់២ របួសក្បាលពីក្រោយចំនួន០១កន្លែង , លើចិញ្ចើមឆ្វេង០១កន្លែង និងដៃខាងឆ្វេង ចំនួន០១កន្លែង កំពុងសម្រាកព្យាលបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត ។
លោកអធិការបន្តថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៣ម៉០០នាទីទៀបភ្លឺ ជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន បានជិះម៉ូតូ០១គ្រឿងម៉ាកស្គូបី ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1CO 1055 តែម្នាក់ឯងត្រឡប់មកពីមើលផ្ទះមួយកន្លែងទៀត នៅស្រុក កៀនស្វាយ ខេត្តកណ្តាល មកចតម៉ូតូនៅមុខផ្ទះលេខ០៥ ផ្លូវលេខ៧ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ឈរជក់បារីដើម្បីរងចាំអ្នកផ្ទះបើកទ្វារឲ្យ ក្នុងពេលនោះជនសង្ស័យឈ្មោះ ប៊ិន វីរៈ បានដើរម្នាក់ឯងមកធ្វើជាសុំបារីជនរងគ្រោះជក់ ហើយក៏បានយកកាំបិតបុ័ងតោដងឈើ០១ដើម (ដែលលាក់ជាប់ខ្លួន) មកធ្វើសកម្មកភាពកាប់ជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន ជាច្រើនកាំបិតបណ្តាលឲ្យរបួសក្បាលពីក្រោយចំនួន០១កន្លែង,លើចិញ្ចើមឆ្វេងចំនួន០១កន្លែង និង ដៃខាងឆ្វេងចំនួន០១កន្លែង ហើយជនសង្ស័យឈ្មោះ ប៊ិន វីរៈ បានយកម៉ូតូម៉ាកស្ពូបពី ពណ៍ឈាមជ្រូក របស់ជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន ជិះគេចខ្លួនបាត់ ដោយបានបន្សល់ទុកវត្ថុតាង៖ កាបិតបុ័ងដងឈើប្រឡាក់ឈាមចំនួន ០១ ដើម និងស្បែកជើងផ្ទាត់ (ជ័រ) ពណ៍ខ្មៅ មានប្រឡាក់ឈាម ចំនួន០១គូរ (នៅកន្លែងកើតហេតុ) ចំណែកជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត ។ លុះមកដល់វេលាម៉ោង០៩ម៉០០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ទើបឈ្មោះ ចៅ ឆាងឆឹង (ត្រូវជាកូនប្រុសរបស់ជនរងគ្រោះ) បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមឲ្យចាត់ការតាមច្បាប់ ។
បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម និង កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះស្រាវជ្រាវតាមរកជនសង្ស័យឈ្មោះ ប៊ិន វីរៈ រហូតដល់វេលាម៉ោង១៣ម៉៤០នាទីថ្ងៃដដែល កម្លាំងសមត្ថកិច្ចយើងបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយរលំ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ិន វីរៈ នៅចំណុចភូមិ ស្វាយរលំ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល យកមក សាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោមចាត់ការតាមនីតិវិធីតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ប៊ិន វីរៈ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។